(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដោយផ្ទាល់ទៅអ្នកប្រដាល់ពិភពលោកលោក មែននី ប៉ាក់គីអាវ ឲ្យមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលក្រោយទៀត ដើម្បីផ្តល់បទពិសោធន៍ដល់កីឡាករ កីឡាការិនីកម្ពុជា និងឲ្យជួយថតស្ពតអប់រំ លើសុវត្ថិភាពចរាចរណ៍ក្នុងពេលបើកបរ ព្រមទាំងសារអប់រំឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនផងដែរ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេច ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពិន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ។ ជំនួបនោះ ក៏មានការចូលរួមពីលោក មែននី ប៉ាក់គីអាវ អ្នកប្រដាល់ល្បាញល្បីលើពិភពលោក និងជាសមាជិកព្រឹទ្ធសភារបស់ហ្វីលីពិនផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ហើយស្តេចប្រដាល់ហ្នឹងខ្ញុំនិយាយត្រង់ នៅក្នុងពេលប្រជុំផ្លូវការហ្មង។ ខ្ញុំនិយាយទៅកាន់ ប៉ាក់គីអាវ នៅមុខប្រធានាធិបតី សូមអញ្ជើញគាត់ត្រឡប់មកវិញ ហើយសូមឲ្យគាត់ជួយលើរឿងពីរទៀត ក្រៅពីវិស័យកីឡា។ ១. ឲ្យគាត់អំពាវនាវទាក់ទងបញ្ហាកុំប្រើប្រាស់គ្រឿងញៀន ក្នុងពេលយើងមានយុទ្ធនាការបង្រ្កាបគ្រឿងញៀន, ២. គឺសុវត្ថិភាពចរាចរណ៍ ព្រោះអ្នកល្បីៗអ៊ីចឹង និយាយទៅក្រុមយុវជនស្តាប់»

បើតាមសម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅក្នុងស្ពតអប់រំនេះឲ្យលោក ប៉ាក់គីអាវ និយាយភាសាខ្មែរតែម្តង។

សូមបញ្ជាក់ថា លោក ម៉ែននី ប៉ាក់គីអាវ បានអមដំណើរប្រធានាធិបតីហ្វីលីពិន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែធ្នូ។ ក្នុងដំណើរមកកាន់កម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ លោក ប៉ាក់គីអាវ ក៏បានជួបសំណេះសំណាលជាមួយកីឡាករ កីឡាករិនីប្រដាល់ ថ្នាក់ដឹកនាំកីឡារបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖