(ថៃ)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន រវាងប្រទេសថៃ កម្ពុជា និងឡាវ បានចាប់ផ្តើមហើយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលធ្វើឡើងនៅខេត្តអ៊ូប៊ុនរ៉ាឆានី ប្រទេសថៃ ដោយមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនក្នុងតំបន់ត្រីកោណមរកត។
សម្រាប់កិច្ចប្រជុំខាងលើនេះ ប្រតិភូកម្ពុជាដឹកនាំដោយលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានសមាសភាពចូលរួម ពីក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្ទឹងត្រែង និងខេត្តព្រះវិហារ។
ភាគីថែដឹកនាំដោយនាយឧត្តមសេនីយ៍ នី វ៉ាតមីណាយូទីន រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ថៃ និងភាគីឡាវដឹកនាំដោយលោកគូ ចាន់ស៊ីណា ប្រធានគណៈកម្មាធិការដ្ឋាន ត្រួតពិនិត្យ គ្រឿងញៀនឡាវ ព្រមទាំងមានសមាសភាពពីខេត្តស្រុក ឃុំ ជាប់ព្រំដែនប្រទេសទាំងបីផងដែរ។
ថ្លែងទៅកាន់អង្គប្រជុំលោក កៅ ខុនដារ៉ា បានថ្លែងថា «កិច្ចប្រជុំនេះមានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនក្នុងតំបន់ត្រីកោណមរកត កម្ពុជា ឡាវ ថៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពប្រជាជននៅតាមតំបន់ព្រំដែន»។
យោងតាមរបាយការណ៍គ្រឿងញៀនពិភពលោក ពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបង្ហាញថា ការចរាចរ ការដាំដុះ ការផលិត គ្រឿងញៀនមិនមានសញ្ញាថយចុះទេ ហើយតំបន់ត្រីកោណមាសនៅតែជាកន្លែងផលិតគ្រឿងញៀនដ៏ធំសម្រាប់តំបន់ និងពិភពលោក។
បើតាមការរបាយការណ៍ ជារៀងរាល់ឆ្នាំមានគ្រឿងញៀនអាភៀនចំនួន៦៨០តោន ហេរ៉ូអ៊ីនចំនួន៥០តោន មេតំហ្វេតាមីនក្រាមអាយចំនួន២០តោន និងមេតំហ្វតាមីនគ្រាប់១០០០លានគ្រាប់ដែលតំបន់នេះ ដើម្បីផលិតបានគេត្រូវប្រើប្រាស់សារធាតុគីមីផ្សំសម្រាប់ផលិត គឺមិនតិចជាងជា៣ពាន់តោនទេ។ តាមទិន្នន័យនេះ ប្រទេសយើងទាំងបីដែលមានព្រំប្រទល់ជាប់តំបន់នេះ នឹងជួបបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវចាត់វិធានការបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីសន្តិសុខ សណ្តាប់សាធារណៈ សុខមាលភាពប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោក កៅ ខុនដារ៉ា បានថ្លៃងបញ្ជាក់ថា កម្ពុជានៅតែទទួលរងគ្រោះពីការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ពីតំបន់ត្រីកោណមាស និងតំបន់អាមេរិក ខាងត្បូង ដោយឡែក គ្រឿងញៀនហូរប្រទេសកម្ពុជាពីតំបន់ត្រីកោណមាស គឺឧក្រិដ្ឋជនចរាចរតាមច្រកនានានៃប្រទេសទាំងបី ក្រោមរូបភាពជាដំណើរ ទេសចរណ៍ ទៅសួរទុក្ខបងប្អូន និងទៅលេងល្បែងកាស៊ីណូនៅតាមព្រំដែន ហើយភាគច្រើនជាគ្រឿងញៀនប្រភេទសំយោគអាតេអេស (ATS) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការគ្រប់បែបយ៉ាងនិងជាពហុវិស័យក្នុងនោះមាន គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពសំដៅធ្វើឱ្យភូមិឃុំសង្កាត់គ្មានគ្រឿងញៀន។
អង្គប្រជុំបានឯកភាពកសាងនូវផែនការដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំចេញ-ចូលតំបន់ត្រីកោណមាស និងផែនការកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀននៅតាមដងទន្លេមេគង្គ ដោយកសាងឱ្យបាននូវភូមិសគ្មានគ្រឿងញៀន តាមតំបន់ព្រំដែនប្រទេសជាតិ យើងទាំងបីដើម្បីធ្វើជាជញ្ជាំង ដ៏រឹងមាំសម្រាប់ទប់ស្កាត់ការហូរចូលគ្រឿងញៀន និងសំលាប់ទីផ្សារគ្រឿងញៀន៕