(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ និងថ្នាក់ទី៩ ផ្នែកភាសាអង់គ្លេស និងភាសាចិន ព្រមទាំងប្រគល់មេដាយសម្រាប់សិស្សានុសិស្ស ដែលទទួលបានមេដាយជយលាភី (មេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ) ក្នុងការប្រកួតប្រជែង ផ្នែកគណិតវិទ្យា អាមេរិកាំង អូឡាំព្យាដ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ានាយិកាសាលាបានថ្លែងឲ្យដឹងថា តាងនាមឲ្យថ្នាក់ដឹកនាំ នៃសាលាញូហ្គេតវ៉េអន្តរជាតិ នាងខ្ញុំសូមស្វាគមន៍ដោយក្តីរំភើប និងដោយក្តីរីករាយឥតឧបមា ព្រមទាំងសម្តែងអំណរគុណ ប្រកបទៅដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លា លោក លោកស្រីមាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមនិងផ្តល់កិត្តិយស ក្នុងអង្គពិធីនាពេលនេះ។
សាលាញូវវ៉េតអន្តរជាតិ ជាគ្រឹះស្ថានសិក្សា ដែលជួយផ្តល់កម្មវិធីសិក្សារួមមាន៖ កម្មវិធីសិក្សាចំណេះទូទៅ ខ្មែរ ភាសាអង់គ្លេស ភាសាចិន និងកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រក្នុងកម្មវិធីពេញមួយថ្ងៃ ចាប់ពីថ្នាក់បឋមសិក្សាថ្នាក់ទី១ ដល់ទី៦ និងមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ទី១២។
ដោយឡែកកម្មវិធីសិក្សាភាសាអង់គ្លេស ជាកម្មវិធីសិក្សា ដែលមានលក្ខណៈអន្តរជាតិពីថ្នាក់មតេ្តយ្យដល់ថ្នាក់ទី១២ ដោយផ្តោតទៅលើមុខវិជ្ជា៣សំខាន់ៗ គឺភាសាអង់គ្លេស វិទ្យាសាស្រ្ត និងគណិតវិទ្យា ក្នុងនោះសាលា ក៏មានបន្ថែមកម្មវិធីសិក្សាទិទានរឿង បណ្ណាល័យ ការអង្កេតក្រៅថ្នាក់ និងការធ្វើ project ជាដើម។
អ្នកឧកញ៉ានាយិកាបានថ្លែងថា «ការសិក្សារបស់បុត្រធីតាលោកអ្នកនៅសាលាញូវហ្គេតវ៉េអន្តរជាតិ ជាការសិក្សាដល់មានស្តង់ដារអប់រំខ្ពស់ ប្រកបទៅដោយគុណភាព សេចក្តីថ្លៃថ្នូរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមុំា និងប្រកបទៅដោយគោលដៅច្បាស់លាស់។ សិស្សានុសិស្សមិនគ្រាន់តែសិក្សាតាមសៀវភៅដល់កំណត់តាមកម្មវិធីសិក្សាប៉ុណ្ណោះទេ ពួកគេនិងទទួលបានចំណេះដឹងថ្មីៗ តាមរយៈការដឹកនាំអនុវត្តជាក់ស្តែងនៅក្រៅថ្នាក់ដូចជា ការស្រាវជ្រាវនៅក្នុងបណ្ណាល័យ អនុវត្តជាក់ស្តែងក្នុងបន្ទប់ពិសោធន៍និងទស្សនៈកិច្ចសិក្សាជាក្រុមតូចៗ តាមកន្លែងមួយចំនួននៅទីក្រុងភ្នំពេញ និងទស្សនៈកិច្ចសិក្សាជាក្រុមធំនៅតាមបណ្តាខេត្តមួយចំនួនផងដែរ»។
អ្នកឧកញ៉ានាយិកា បន្តថា ក្រោយពីសិក្សារយៈពេល ១ឆ្នាំស្នាដៃសិស្ស ដែលបានធ្វើទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ត្រូវប្រមូល និងរក្សាទុកដើម្បីដាក់តាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ។ លើសពីនេះទៅទៀតសាលាក៏បានបញ្ចូលកម្មវិធីបំណិនជីវិតដូចជា៖ គេហកិច្ច សិតន្ត្រី និងមុខវិជ្ជាកីឡាដូចជា តេក្វាន់ដូ បាល់ទាត់ និងហែលទឹក។
សូមជម្រាបថា ពិធីប្រគល់មេដាយសម្រាប់សិស្សានុសិស្សដែលទទួលបានមេដាយជ័យលាភី (មេដាយមាស ប្រាក់និង សំរិទ្ធ) ក្នុងការប្រគួតប្រជែង គណិតវិទ្យា អាមេរិកកាំង អូឡាំព្យាដ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៦នេះ មានសិស្សចូលរួមប្រឡងចំនួន ៤៨៦ នាក់ មកពី៩សាលាទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្នាក់ទី៣ដល់ទី៨ ហើយក្នុងនោះ សិស្សដែលទទួលបានមេដាយមាសចំនួន៣១នាក់ មេដាយប្រាក់ចំនួន៤៩នាក់ និងមេដាយសំរិទ្ធចំនួន១០៦នាក់៕