(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហើបឲ្យដឹងថា ការចរចារវាងសម្តេចជាមួយប្រធានាធិបតីហ្វីលីពិន រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃម្សិលមិញនេះ ទទួលបានលទ្ធផលល្អប្រសើរ តែមិនបានបង្ហើបថា ចរចាទៅលើបញ្ហាអ្វីនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅ ជាប់សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបង្ហើបថា កិច្ចចរចារវាងសម្តេច និងលោក ឌូតឺតេ ក្នុងជំនួបពិភាក្សាដោយបិទទ្វារជាងមួយម៉ោង នៅវិមានសន្តិភាពម្សិលមិញទទួលបានលទ្ធផលល្អប្រសើរ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេច និងឌូតឺតេ បានចរចាទៅលើបញ្ហាអ្វីនោះឡើយ។ តាមបណ្តាញព័ត៌មានបរទេសនានា បានផ្សព្វផ្សាយដោយដកស្រង់សម្តីមន្រ្តីក្រសួងការបរទេសហ្វីលីពិន មុនដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅកម្ពុជាថា ក្នុងដំណើរនេះ លោក ឌូតឺតេ នឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូងមកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន។

ក្រុមអ្នកព័ត៌មានជាតិ និងអន្តរជាតិ ដែលតាមប្រមាញ់ព័ត៌មាន នៃជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ឌូតឺតេ សុទ្ធតែផ្តោតការចាប់អារម្មណ៍ខ្លាំង ទៅលើប្រធានបទបញ្ហាសមុទ្រចិនខាងត្បូងនេះ។ អ្នកព័ត៌មានរំពឹងថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវលោក ឌូតឺតេ លើកមកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន មុនពេលហ្វីលីពិនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ។ ក៏ប៉ុន្តែលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបជាង ១ម៉ោងនោះថា សម្តេចតេជោ ហ៊ុន សែន និងលោក ឌូតឺតេ មិនបានយកបញ្ហានេះមកជជែកគ្នានោះឡើយ។

លោក ឌូតឺតេ ប្រធានាធិបតីទី១៦ របស់ហ្វីលីពិន បានធ្វើឲ្យស្ថានការណ៍ជម្លោះដែនសមុទ្រ ជាមួយប្រទេសចិនហាក់មានសភាពធូរស្រាលឡើងវិញ បន្ទាប់ពីបានប្តូររបត់នយោបាយការបរទេសរបស់ខ្លួនងាកពីសម្ព័ន្ធមិត្តអាមេរិក ទៅបង្កើនទំនាក់ទំនងល្អជាមួយប្រទេសចិន។ ជាពិសេសនោះ ប្រធានាធិបតីរូបនេះ នៅហ៊ានប្រើពាក្យសម្តីជេរប្រមាថប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលជាអ្នកធ្លាប់តែ គាំទ្រហ្វីលីពិនប្រឆាំងចិនក្នុងជម្លោះដែន សមុទ្រចិនខាងត្បូងថែមទៀតផង។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ឌូតឺតេ នៅថ្ងៃម្សិលមិញ បានពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹង ពង្រីកចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុកាលគម្រប់ ៦០ឆ្នាំនៅឆ្នាំក្រោយនេះឲ្យកាន់តែល្អប្រសើរថែមទៀត។

ប្រមុខដឹកនាំប្រទេសកម្ពុជា-ហ្វីលីពិន ក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធការងារពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ព្រមទាំងការបង្កើនកិច្ចសហការប្រ យុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនជាដើម។

ជំនួបនៅថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន និងលោក ឌូតឺតេ ក៏បានធ្វើជាសហអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ចំនួន ៤ផងដែរ។ MOU ទាំង៤នោះរួមមាន៖

អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖
១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។
៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖