(ភ្នំពេញ)៖ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានអះអាងថា ការបំភ្លឺរបស់ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងតួលេខនៃការនាំចេញខ្សាច់នោះ គណៈកម្មការរបស់លោក មិនទាន់ទទួលយកបានទាំងស្រុងទេ។
ប្រធានគណៈកម្មការមួយនេះ បានស្នើឱ្យ ក្រសួងរ៉ែ និងថាមពល ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់តួលេខនៃការនាំចេញខ្សាច់របស់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីឡើងវិញ ដើម្បីរកមូលហេតុពិត នៃភាពខុសគ្នារវាងរបាយការណ៍របស់ប្រទេសទាំងពីរ។
ការស្នើរបស់ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ និងជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិនោះ បានធ្វើឡើងនាគ្រាដែល លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រួមទាំងមន្រ្តីក្រសួងនេះមួយចំនួនទៀត ចូលបំភ្លឺជូនរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ជុំវិញបញ្ហាខ្សាច់។
ក្រោយបញ្ចប់ការបំភ្លឺផ្ទាល់មាត់នេះ លោក ហូរ វ៉ាន់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ចំនួនគាត់ឱ្យមក គឺប៉ុណ្នឹង ប៉ុន្តែតួលេខខ្សាច់ និងតួលេខតម្លៃ ឃើញថាខុសគ្នា អាហ្នឹងដែលយើងឃើញថា នៅមានគម្លាតឆ្ងាយ មិនទាន់ទទួលយកបានទេ ដែលយើងទាមទារតម្រូវឱ្យមានការរៀបចំ គណៈកម្មការយ៉ាងណាដើម្បីថ្ងៃក្រោយ ទៅធ្វើយ៉ាងម៉េចកុំឱ្យមានគម្លាតទាំងតួលេខបរិមាណ ទាំងតួលេខថវិកា»។
លោក ស៊ុយ សែម រួមទាំងមន្រ្តីក្រសួងរ៉ែ និងថាមពល ពុំបានបកស្រាយជុំវិញបញ្ហានេះ នៅចំពោះមុខអ្នកសារព័តមាន នៅរដ្ឋសភាទេ។ ប៉ុន្តែមន្រ្តីក្រសួងនេះបានប្រាប់ឱ្យអ្នកសារព័ត៌មាន រង់ចាំសន្និសីទរបស់ក្រសួងរ៉ែ ដែលធ្វើនៅម៉ោងប្រមាណ ៣៖០០នាទីរសៀល ថ្ងៃនេះតែម្តង។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺអំពីការនាំខ្សាច់ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ក្នុងអំឡុងឆ្នាំ២០០៧ និងឆ្នាំ២០១៥។ ក្រុមអង្គការសង្គមស៊ីវិល ក៏ចង់ឲ្យក្រសួងនេះ បំភ្លឺពីភាពខុសគ្នា នៃទិន្នន័យនាំខ្សាច់ពីកម្ពុជា ចូលទៅប្រទេសសិង្ហបុរី ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ផងដែរ។
ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញទិន្នន័យនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ដោយយោងតាមក្រសួងពាណិជ្ជកម្មថា ការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ក្នុងចន្លោះឆ្នាំ២០០៧ និង២០១៥ មានចំនួនប្រមាណ ២,៨លានតោន ក្នុងតម្លៃ ៥,៥លានដុល្លារអាមេរិក តែទិន្នន័យបង្ហាញដោយនាយកដ្ឋានស្ថិតិពាណិជ្ជកម្ម របស់រដ្ឋាភិបាលសិង្ហបុរី ការនាំចូលខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី មានរហូតដល់ទៅ ៧២,៨លានតោន ដែលមានគម្លាតខុសគ្នាចំនួន ៦៩,៩លានតោន មានតម្លៃប្រមាណ ៧៤៦,៥លានដុល្លារឯណោះ៕