(ភ្នំពេញ)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បង្កដោយរថយន្ត១គ្រឿងម៉ាក Highlander ពាក់ស្លាកលេខខេមរភូមិន្ទ: 02 2-2043 បើកបរដោយបុរស២នាក់ លឿនជ្រុលពេកមិនប្រយ័ត្ន ក៏ជ្រុលទៅបុកថ្មពុះចែកទ្រូងផ្លូវ ក្រោមស្ពានអាកាស៥មករា រងការខូចខាតរថយន្តបែកកាឡេ ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករបួសនោះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រោមស្ពាន៥មករា សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
យោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរស២នាក់ បើករថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ: 02 2-2043 បើកតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ ក្រោមស្ពាន បណ្ដាលឲ្យបែកមួយចំហៀងរថយន្ត ផ្ទុះពោងទាំងពីរ បែកកាឡេហូរប្រេងម៉ាស៊ីនពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ភ្លាមៗ បានទាក់ទងហៅជំនាញមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕