(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានប្រជាពលរដ្ឋចាប់បាន ហើយវាយឡើងទ្រោមខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់មិនបានសម្រេច នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ១៤៣កែងផ្លូវ៣១០ ត្រង់ចំណុចក្បែរភោជនីយដ្ឋានព្រឹកស្រស់ល្ងាចស្រស់ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងប្រពន្ធរួមទាំងកូនប្រុស បានដើរចេញពីសណ្ឋាគាSALITA ដោយដើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីជើងទៅត្បូងខណៈមកដល់កែងផ្លូវ៣១០ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Nex ពណ៌ស គ្មានស្លាកលេខ មកពីក្រោយបានធ្វើសកម្មឆក់កាបូប ពីជនរងគ្រោះតែមិនបានសម្រេច ទាញអូសបណ្ដាលឲ្យដួលម៉ូតូរបស់ជនស្ស័យ ភ្លាមៗត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាចាប់បានអ្នកបើកម៉ូតូម្នាក់វាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ចំណែកម្នាក់ទៀតដែលជាអ្នកឆក់រត់គេចខ្លួនបា ជនសង្ស័យដែលចាប់បានឈ្មោះ កង គង់កែវ ឧសភា អាយុ១៩ឆ្នាំ មិនពិតប្រាកដស្នាក់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះប្ដីឈ្មោះ Said ELKADDAOUi អាយុ៤០ឆ្នាំនិងប្រពន្ធមានឈ្នោះ TOURNAN GUiLAiNG អាយុ៣៥ឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ច បានណែនាំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ហើយយកម៉ូតូ និងជនសង្ស័យទៅសួរនាំ នៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅចាត់ការតាមច្បាប់៕