(ភ្នំពេញ)៖ តារាសម្ដែង តារាចម្រៀង តារាកំប្លែង ល្បីៗជាច្រើនដួង បានមូលមកជុំគ្នាយ៉ាងកកកុញ ក្នុងថ្ងៃបើកសម្ពោធ ដាក់បញ្ចាំង រឿង «កំពូលល្ងង់នៅអាស៊ី» នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អេអនម៉ល ដែលជាស្នាដៃបែបកំប្លែង លើកដំបូងរបស់ផលិតកម្ម «Galaxy» ខណៈដែលផលិតករ ក្នុងផលិតកម្មថ្មីមួយនេះ បានបង្ហាញពីក្ដីរំពឹងខ្ពស់ ថានឹងទទួលបានជោគជ័យ លើស្នាដៃទី១របស់ខ្លួន។
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម «Galaxy» បានថ្លែងប្រាប់ឲ្យបណ្ដាញអ្នកសារព័ត៌មានដឹងថា លោកពិតជាមានក្តីរំភើប នឹងវត្តមានរបស់សិល្បករ-សិល្បការិនី ក្មេងចាស់ប្រុសស្រីជាច្រើននាក់ ក្នុងឱកាសនេះ ដែលពួកគេបានមកចូលរួម បញ្ជាក់ពីការលើកទឹកចិត្ត និងគាំទ្រស្នាដៃរបស់កូនខ្មែរ។ វាគឺជាកម្លាំងចិត្តសម្រាប់លោក និងក្រុមការងារបន្តការខិតខំ ប្រឹងប្រែងទៀត សម្រាប់ខ្សែភាពយន្ត និងស្នាដៃសិល្បៈ បន្តបន្ទាប់ទៀត។
ចាងហ្វាងផលិតកម្មវ័យក្មេង និងធ្លាប់ឆ្លងកាត់ជីវិតជាពលករធ្វើការនៅប្រទេសកូរ៉េ រូបនេះ បានបន្តទៀតថា ចាប់ពីថ្ងៃទី១៥ធ្នូ នេះតទៅខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» នឹងត្រូវបានចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបទាំងអស់។ ក្រៅពីការប្រកាសនេះ លោកក៏បង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការទទួលបានអ្នកគាំទ្រច្រើន ចូលទស្សនាខ្សែភាពយន្ត ជាស្នាដៃដំបូងរបស់ផលិតកម្ម ព្រោះតែខ្សែភាពយន្តនេះ ប្រមូលផ្តុំដោយសិល្បករ ផលិតករ ដែលមានបទពិសោធន៍ និងប្រជាប្រិយភាពខ្ពស់។ ជាពិសេសទាំងបច្ចេកទេសថត និងខ្លឹមសារនៃសាច់រឿង ពិតជាធ្វើឲ្យអ្នកទស្សនា ទទួលបានភាពសប្បាយរីករាយ និងកម្សត់ រន្ធត់ជាក់ជាមិនខាន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សម្ពោធទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងមុនពេលខ្សែភាពយន្តនេះ ត្រូវបានចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងថ្ងៃសម្ពោធ គេបានឃើញ ការបង្ហាញឈុតឆាកខ្លីៗ វត្តមានតារាសម្តែង ក្នុងខ្សែភាពយន្តខាងលើ ការបង្ហាញវត្តមានក្រុមការងារផលិត និងសម្តែងសមត្ថភាពសិល្បៈ ត្រូវបានធ្វើឡើង ដើម្បីបង្កើនការចាប់អារម្មណ៍ ពីមហាជន។ ក្នុងនោះ តារាល្បីៗលំដាប់ប្រទេស ត្រូវបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត និងចូលទស្សនា ទាំងអស់គ្នា។
រឿង «កំពូលល្ងង់នៅអាស៊ី» ជាប្រភេទរឿងមនោសញ្ចេតនា បែបកំប្លែងទំនើប ប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា នាយ ពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាដើម។ ខ្សែភាពយន្តនេះត្រូវបានចំណាយដើមទុន ក្នុងការផលិតប្រមាណ៦ម៉ឺន ដុល្លារអាមេរិក៕