(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន រូឌ្រីហ្កូ ឌូតឺតេ (Rodrigo Duterte) បានធ្វើឲ្យមានការចាប់អារម្មណ៏ស្ទើរពេញប្រទេសកម្ពុជា ហើយក៏ធ្វើឲ្យកក្រើកសង្គមហ្វេសប៊ុកដែរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានឮឈ្មោះប្រធានាធិបតីហ្វីលីពីនរូបនេះ តាមរយៈនិយាយភាសាមញ្ញ គឺ «មាត់ដាច» ទៅកាន់មេដឹកនាំល្បីៗពិភពលោកមួយចំនួន ជាពិសេសប្រធានាធិបតីអាមេរិក លោក Barack Obama ដែលជាមេសម្ព័នមិត្តដ៏ធំរបស់ហ្វីលីពីនខ្លួនឯង។
សម្រាប់ពលរដ្ឋកម្ពុជា លោក Duterte ហាក់ដូចជា គ្មានអ្វីសំខាន់សម្រាប់ពួកគាត់ឡើយ តែពួកគាត់ក៏ចង់ស្គាល់ និងចង់ឃើញមេដឹកនាំរូបនេះ ដោយសារតែគាត់ប្រើសង្រ្គាមប្រឆាំងគ្រឿងញៀនជាមួយពលរដ្ឋខ្លួនឯង សំដីគ្រោតគ្រាត និងស្លៀកសម្លៀកបំពាក់របៀបអ្នកជិះគោ។
ជាមួយកេរ្តិ៍ឈ្មោះល្អផង និងមិនសូវល្អផង លោក Duterte ទៅដល់ប្រទេសណាផ្អើលប្រទេសនោះ។ លោក Duterte បានធ្វើឲ្យកក្រើកពិភពការទូតម្តងកាលពីខែកញ្ញាកន្លងទៅនេះ, នោះគឺមុនពេលគាត់ចេញដំណើរពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងដៃគូរពាក់ព័ន្ធបូកទាំងអាមេរិកផង។ ដោយសារតែសំណួររបស់អ្នកកាសែត លោក Duterte បានប្រតិកម្មដោយជេរលោក Obama ពីចម្ងាយធ្វើឲ្យ Obama ខ្ញាល់លែងនិយាយរក Duterte អស់ពីរថ្ងៃ និងពីរយប់នៅទីក្រុងវៀងច័ន្ទ។
* Duterte ប្រែរូប «ពីសត្រូវ មកជាមិត្ត»
កម្ពុជា និងហ្វីលីពីនធ្លាប់ប៉ះគ្នាមួយប្រាវ កាលពី៤ឆ្នាំមុន រហូតផ្អើលដល់ចិន និងអាមេរិក ហើយទីបំផុតកម្ពុជាបានរបូតឯកអគ្គរាជទូតមួយរបស់ខ្លួន ដើម្បីបង្ហាញ ជំហរឯករាជ្យ និងមិនរាថយជាមួយប្រទេសធំជាងខ្លួន «ពីរក្នុងពេលតែមួយ» នោះគឺ ហ្វីលីពីន និងវៀតណាម ដោយសារតែរឿងរបស់គេ (សមុទ្រចិនខាងត្បូង)។ ភ្លាមៗនោះដោយសារកម្ពុជាបានលេងនយោបាយ «ដូរសេះឈ្មោលដាក់សេះញី» ទៅកាន់ទីក្រុងម៉ានីល សភាពការតឹងតែងក៏ប្រែមកល្អវិញ បើទោះបីក្រោយមក មានពេលខ្លះ មើលមុខគ្នាមិនទាន់ចំម្តងម្កាលក៏ដោយ រហូតដល់រដ្ឋាភិបាលថ្មីរបស់លោក Duterte ចូលកាន់តំណែង ទើបទំនាក់ទំនងមិនត្រឹមតែប្រែដូចដើមវិញ តែរឹតតែល្អជាងមុន ហើយទស្សនកិច្ចរបស់លោក Duterte មកកាន់កម្ពុជាពេលនេះ បានប្រែរូប «លែងជាសត្រូវ តែបែរមកជាមិត្ត» ជិតស្និទ្ធជាងមុន។
រដ្ឋាភិបាលរបស់ហ្វីលីពីនដែលរឹងត្អឹងជាមួយកម្ពុជាពេលនោះ គឺជារដ្ឋាភិបាល Aquino ដែលចងសម្ព័ន្ធមិត្តជាមួយគណបក្សប្រជាធិបតេយ្យរបស់ Obama នៅអាមេរិក, របស់ Abhisit នៅប្រទេសថៃ និងគណបក្សសង្រ្គោះជាតិនៅកម្ពុជា។
* ហ្វីលីពីនអាចជាម៉ូយដុំដ៏ធំមួយរបស់ខ្មែរ តើហេតុអ្វីទៅ?
និយាយត្រង់ទៅ ហ្វីលីពីនមិនមែនជាប្រទេសអ្នកមានឡើយ ហើយពលរដ្ឋខ្មែរក៏មិនបានរំពឹងថា ហ្វីលីពីនដែលមានពលរដ្ឋខ្លួនជាង៥ពាន់នាក់កំពុងធ្វើការនៅកម្ពុជា នឹងអាចជួយខ្មែរបានអ្វីដែរ ប៉ុន្តែនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Duterte បានសន្យាជួយកម្ពុជាបានតាមរយៈទេសចរ កសិកម្ម និងកីឡា។ ក្នុងខណៈដែលហ្វីលីពីនមានប្រជាពលរដ្ឋប្រមាណជា១០០លាននាក់ លោក Duterte បានប្រើភាសាថា «ពលរដ្ឋហ្វីលីពីនត្រូវតែមកមើល អង្គរវត្តឲ្យបានម្តងក្នុងមួយជីវិតរបស់ខ្លួន»។ ហ្វីលីពីនជាប្រទេសដើរទិញអង្ករពីគេ ដោយសារប្រទេសមួយនេះហ៊ុំព័ទ្ទដោយកោះរហូតដល់ទៅ៧,១០៧ ហើយផលិតផលសំខាន់របស់ខ្លួនមានតែបីមុខប៉ុណ្ណោះ៖ កសិកម្មផលិតបានតែ១១,២ភាគរយ, ឧស្សាហកម្ម៣១,៦ភាគរយ និងសេវាកម្ម ៥៧,២ភាគរយ។
ហ្វីលីពីនល្បីឈ្មោះជាប្រទេសដែលផ្តល់សេវាឲ្យគេ តាមរយៈពលរដ្ឋខ្លួនទៅធ្វើការនៅក្រៅប្រទេសរហូតដល់ទៅ៩លាននាក់ឯណោះ។ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ ពលករហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេស បានផ្ញើត្រឡប់មកស្រុកកំណើតខ្លួនវិញមានចំនួនជិត៣០ពាន់លានដុល្លា អាចធំជាងថវិការជាតិខ្មែរ ទាំងមូលប្រមាណជា៦ដង ។
* ប្រទេសហ្វីលីពីន ផលិតអង្ករបានតិច តែហូបច្រើន
ប្រជាជនហ្វីលីពីន ជាជនជាតិមួយដែលហូបបាយច្រើន (បីពេលពេញក្នុងមួយថ្ងៃ) ប៉ុន្តែមានចំណុចល្អមួយត្រង់មិនល្បីថា ហ្វីលីពីនមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនដូចម៉ាឡេស៊ីឡើយ។
* មុខរបស់លោក Duterte
មានភាពយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូងរហូតដល់ជាប់ពាន់រង្វាន់ «Face Reader» ប្រែមកថា «អ្នកជំនាញខាងទស្សន៌ទាយទឹកមុខ»។ ខ្ញុំមិនចេះទាយ ហើយក៏មិនបានរៀនទាយតាមសាច់រឿងរបស់កូរ៉េនោះដែរ តែមហាជនទូទៅប្រហែលជាមើលឃើញដូចខ្ញុំដែរ នោះត្រង់ថា បើយើងសម្លឹងមើលមុខលោក Duterte មួយភ្លែត គាត់ដូចជាមនុស្សគំរោះគំរើយ ឬឫកឡូយ តែតាមពិតគាត់ជាមនុស្សសាមញ្ញ ចេះនិយាយលេង និងកំប្លុកកំប្លែងដើម្បីឲ្យអ្នកស្តាប់ចូលចិត្ត។
បើនិយាយដោយត្រង់កុំបញ្ចើចបញ្ចើ អ្នកថតរូបជាមួយលោក Duterte សប្បាយចិត្តបានថតរូបជាមួយមនុស្សល្បី តែអន់ចិត្តនឹងស្ទីលពាក់អាវរមូរដៃ និងប្រឡេះឡេវអាវលើរបស់គាត់។ តាមពិតទៅអាវដែលលោក Duterte ពាក់ ជាអាវមួយប្រភេទដែលភាសាហ្វីលីពីនហៅថា «បារ៉ុង» អាវនេះត្រូវបានហ្វីលីពីន កំណត់ថា អាចពាក់បានគ្រប់កម្មវិធីទាំងអស់ មានន័យថា ទាំងផ្លូវការ និងមិនផ្លូវការ ហើយតម្លៃរបស់វាអាស្រ័យទៅលើប្រភេទសាច់អាវ អាវខ្លះថ្លៃខ្ពស់កប់ពពក រហូតដល់៥០០ដុល្លាឯណោះ។
លោក Duterte ដឹកដៃស្តេចប្រដាល់ Pacquiao ដែលជាមិត្តភ័ក្រ្តនឹងគ្នាយូរមកហើយ ជាអ្នកស្រុកភូមិក្បែរគ្នាមកជាមួយ ចំប្រទេសដែលស្រលាញ់អ្នកប្រដាល់ ប៉ាកគីអាវ ទាំងនាយករដ្ដមន្រ្តី និងរាស្រ្តខ្មែរស្ទើរពេញមួយនគរ។ រយៈពេលពីរថ្ងៃនៅកម្ពុជា Duterte និង Pacquiao បានធ្វើទស្សនកិច្ច «មួយមានមុខពីរ» ។ មុខរបស់លោក Duterte រីកធំជាមួយរដ្ឋាភិបាល ចំណែកឯមុខ Pacquiao ក៏បានរីកធំជាមួយមហាជនខ្មែរ មិនថាអ្នកតូច អ្នកធំ កូនកាសែត សូម្បីមេកាសែតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ក៏សូមថតស៊ែលហ្វីជាមួយដែរ។ អ្នកទាំងពីរ (Duterte+ Pacquiao) មិនមែនជាសំណាបយោងដី ស្រីយោងប្រុសទេ តែជា «សំណាបយោងដី ដីយោងសំណាប»។
ក្នុងមួយឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ហាក់ដូចជាមានរាសីខ្ពស់ ដោយសារវិសាលភាពនៃទំនាក់ទំនងជាមួយប្រទេសនានា សុទ្ធតែនាំមកជាមួយនូវចំណុចវិជ្ជមាន។ កាលពីពីរខែមុន ប្រធានាធិបតីចិន Xi Jinping បានមកទស្សនកិច្ចនៅកម្ពុជា ចំថ្ងៃនិងស្នាក់នៅចំនួនថ្ងៃដូចគ្នា ១៣-១៤ បានសន្យាផ្តល់ជំនួយយ៉ាងសន្ធឹក ហើយពេលត្រឡប់ដល់ស្រុកវិញ លោករដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយថា ទំនាក់ទំនងកម្ពុជាចិន «ជាទំនាក់ទំនងមិត្តភាពប៉ានដោយដែក = Iron-Clad Friendship» ៕
ដោយ៖ ពុយ គា អ្នកសារព័ត៌មាន