(ភ្នំពេញ)៖ អ្នកបើកបររថយន្ដយីឌុបធុនធំ១គ្រឿង សង្ស័យងងុយដេកងោកមួយភាំងទើបជ្រុលចង្កូតទៅបុករះជាបន្តបន្ទាប់ ទាំងអ្នកបើកបរម៉ូតូ ស្លាកគណបក្សប្រជាជននិងបង្គោលភ្លើង១ដើម បណ្ដាលឲ្យបាក់ទ្រេតបង្កទៅជាដាច់ចរន្ដអគ្គិសនី ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់នៅពេលរាត្រី តែសំណាងល្អមិនបណ្ដាលឲ្យ មានមនុស្សរងរបួសធ្ងន់ធ្ងរ ឫបាត់បង់ជីវិតឡើយ។
លោកវរសេនីយ៍ត្រី រស់ ខេមរិន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ ចរាចរណ៍សាធារណៈ បានបញ្ជាក់ថា ករណីរថយន្ដកុងទីន័រសណ្ដោង បើកដោយពុំមានការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករះនេះ បង្កឲ្យមានការភ្ញាក់ផ្អើលប្រហែលជាម៉ោង៩យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី រស់ ខេមរិន បន្ថែមថា រថយន្តបង្កម៉ាកហ៊ីណូ ជាប្រភេទរថយន្ដសណ្តោងយីឌុបធុនធំ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 4A-2574 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះបានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីកើតហេតុ។ រីឯជនរងគ្រោះឈ្មោះ ដេត កណ្ណិការ អាយុ២០ឆ្នាំស្នាក់នៅ ភូមិ-សង្កាត់កើតហេតុខាងលើ និងជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាក Duke ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FN-9769។
លោកអធិការរង បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងធុនធំ១គ្រឿង ខាងលើបើកបរ ដោយបុរសម្នាក់ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងស្របទិសគ្នា និងម៉ូតូ១គ្រឿងម៉ាក Duke ដែលបើកពីខាងមុខរថយន្ដ តាមបណ្តោយផ្លូវជាតិលេខ៦A ខណៈបើកមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្ដងងុយដេកងោក មួយភាំងបានរេចង្កូតមកខាងស្ដាំដៃ ហើយក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើក និងម៉ូតូប៉ើងខ្ទាតផុតពីរថយន្ដ រងរបួសស្រាល ហើយរថយន្ដនូវមានល្បឿនលឿន ក៏ជ្រុលទៅបុកជាបន្តបន្ទាប់ចំស្លាក គណបក្សប្រជាជនកម្ពុជា និងបង្គោលភ្លើង ដែលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់ទ្រេតដាច់ប្រអប់កាប៉ីនភ្លើងធ្លាក់ រប៉ាត់រប៉ាយពេញផ្លូវ បង្កទៅជាដាច់ចរន្ដភ្លើងអគ្គិសនី ងងិតសូន្យសុង ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ទើបរថយន្ដបង្កអស់ល្បឿន និងរងការខូចខាត យ៉ាងដំណំទៅមុខលែងរួច ខណៈអ្នកបើកបររថយន្ដ បានដាក់មេប្រូជភ្លាមៗ បន្ទាប់ពីកើតហេតុ។
ក្រោយពេលកើត កម្លាំងនគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងជំនាញ ចុះវាស់វែង ហើយយកម៉ូតូរងគ្រោះ និងរថយន្តបង្កទៅរក្សាទុកនៅការិយា ល័យនគរបាលចរាចរណ៍ក្រុង ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕