(ប៉េកាំង)៖ មន្ត្រីទូតជាន់ខ្ពស់ចិន នៅថ្ងៃពុធនេះ បានឱ្យដឹងថា រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ ងារជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តន៍យ៉ាងពេញលេញ នូវដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង ក៏ប៉ុន្តែ ទីក្រុងប៉េកាំង ជំទាស់ជាដាច់ខាត រាល់ការដាក់ទណ្ឌ កម្ម ជាលក្ខណៈឯកតោភាគីក្រៅក្របខណ្ឌ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ប្រតិកម្មរបស់ចិននៅពេលនេះ ធ្វើឡើងនៅបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន បានសម្រេចថាពួកគេនឹងដាក់ទណ្ឌកម្ម ឯកតោភាគី លើរបបដឹកនាំក្រុងព្យុងយ៉ាង សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និងមីស៊ីល។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីជប៉ុន បេកសកជនពិសេសចិន ទទួលបន្ទុកកិច្ចការឧប ទ្វីបកូរ៉េ លោក Wu Dawei បានគូសញ្ជាក់ឡើងវិញថា «ចិនគាំទ្រគំនិតចង់ឱ្យគ្មានអាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចចរចា និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តន៍យ៉ាងពេញលេញដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែទីក្រុងប៉េកាំងជំទាស់ជាដាច់ខាត ការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោ ភាគីក្រៅក្របខណ្ឌលើកូរ៉េខាងជើង»។
លោក Wu Dawei បន្ថែមថា «ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការងាររួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ដំណោះស្រាយដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខ គឺមានគោលបំណងសំខាន់កាត់បន្ថយប្រាក់ចំណូល ពីវិស័យនាំចេញរបស់កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាង បានទាត់ចោលដំណោះស្រាយនេះ ដោយអះអាងថាវាជារឿង អយុត្តិធម៌ និងគ្រាន់តែធ្វើឡើងសំដៅផ្គាប់ចិត្តសហរដ្ឋអាមេរិក តែប៉ុណ្ណោះ៕