(ភ្នំពេញ)៖ ការធ្វើសមយុទ្ធយោធារវាងកម្ពុជា-ចិន ដែលមានឈ្មោះថា «លំហាត់នាគមាសឆ្នាំ២០១៦» បានចាប់ផ្តើមនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សមយុទ្ធនេះ ជាការហាត់សមរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយកងទ័ពប្រជាជនចិន ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៏ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៏ ប៉ុល សារឿន បានបញ្ជាក់នៅក្នុងពិធីនោះថា លំហាត់នេះជាការផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពកងទ័ពឲ្យទទួលបានជំនាញថ្មីបន្ថែមទៀត លើកិច្ចការ មនុស្សធម៌ ការសង្គ្រោះជីវិតក្នុងពេលជួបគ្រោះមហន្តរាយនានា ជាពិសេសការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ រិតចំណងមេត្រីភាព រវាងកងទ័ពប្រទេសទាំងពីរ។
លោកបានជឿជាក់ថា ការធ្វើលំហាត់ហ្វឹកហ្វឺនជាលើកដំបូងជាមួយកងទ័ពប្រជាជនចិននាពេលនេះ នឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ក្នុងកិច្ចសហការទាំងថ្នាក់ជាតិ អន្តរជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាប្រឈមទាំងឡាយ ដែលមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ៕