(សៀមរាប)៖ ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក នៅព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦ បន្ដចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារក ទៅចែកជូនដល់ប្រជាពលរដ្ឋកំពុង រស់នៅក្នុងឃុំដូនកែវ។
ពិធីចែកជូននេះ ត្រូវបានធ្វើឡើង នៅក្នុងសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពី តំណាងអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរស្រុកពួក មេឃុំដូនកែវ និងប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដែលក្នុងនោះកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកចំនួន៣២កញ្ចប់។
លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានរំឭកពីប្រវត្តិ នៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាតួនាទីក្នុងការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេលកន្លងមក។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ទើបរមណីយដ្ឋានអង្គរ មានភាពរីកចម្រើន ល្បីល្បាញជាលំដាប់ និងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ មកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត មួយនេះក្នុងមួយឆ្នាំៗ។
លោក និន ចាន់សាមៀន ថ្លែងដែរថា ការផ្តល់កញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកនេះ គឺជាការបង្ហាញទឹកចិត្ត ក្នុងការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមាន បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ហេតុនេះ យុវជនជំនាន់ក្រោយពិតជាទំពាំងស្នងឫស្សីមិនអាចខ្វះបាន ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។
បន្ថែមពីនេះ លោក ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អង្គរ ត្រូវបន្តចូលរួម ការពារ និងថែរក្សា អភិរក្សឧទ្យានអង្គរ ដែលជាមរតកដ៏មានតម្លៃរបស់ដូនខ្មែរ ឲ្យបានគង់វង្សស្ថិតស្ថេរជាដរាប។
សូមបញ្ជាក់ថា កញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារក ដែលបានផ្តល់ជូននៅពេលនេះរួមមាន កន្រ្តក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក រួមនិងថវិកាមួយចំនួនទៀត។
សូមជំរាបថា គិតតាំងពីឆ្នាំ២០១៥ ដែលក្រុមសហគមន៍ត្រូវបានបង្កើតឡើង គឺជាលើកទី១២ហើយ ដែលក្រុមការងារបានចុះចែកទ្រទ្រង់សុខុមាលភាពមាតា និងទារក ដល់អ្នកឃុំដូនកែវ ដែលសរុបទាំងអស់មានចំនួន៣០៤កញ្ចប់៕