(ភ្នំពេញ)៖ ទស្សនកិច្ចរយៈពេល២ថ្ងៃជាលើកដំបូងរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នៅប្រទេសកម្ពុជា បានបិទបញ្ចប់ហើយ នៅម៉ោង ៩៖៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ជាមួយនឹងផ្លែផ្កាគួរឱ្យកត់សម្គាល់សម្រាប់ប្រជាជាតិទាំងពីរ។ លោក ឌូតឺតេ ដែលគេឱ្យងារថា ជាបុរសខ្លាំងរបស់ហ្វីលីពីន បានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងក្នុងនាមប្រធានាធិបតីរបស់ហ្វីលីពីន កាលពីម៉ោង៥៖៥០នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូម្សិលមិញ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះលោកក៏បាននាំស្តេចប្រដាល់ ប៉ាគីអាវ រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនមកកាន់កម្ពុជាផងដែរ។


សម្រាប់ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់ លោក ឌូតឺតេ (ថ្ងៃទី១៣ ខែធ្នូ)៖

* យន្តហោះរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចូលចតនៅអាកាសយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៥៖៥០នាទីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដែលបង្ហាញថា លោកបានមកដល់ប្រទេសកម្ពុជាជាផ្លូវការ។ មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលទទួលដំណើររបស់ប្រធានាធិបតីហ្វីលីពីនទី១៦រូបនេះ មានសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

* បន្ទាប់ពីធ្វើបដិសណ្ឋាកិច្ច និងទទួលស្វាគមន៍ដោយមន្រ្តីជាន់ខ្ពស់កម្ពុជារួចមក លោក ឌូតឺតេ និងលោក មីនី ប៉ាគីអាវ រួមទាំងមន្រ្តីជាន់ខ្ពស់របស់ហ្វីលីពីន ដែលអមដំណើរ លោក ឌូតឺតេ បានចាកចេញពីព្រលានយន្តហោះ ហើយឆ្ពោះទៅកាន់សណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ ទីដែលលោកប្រធានាធិបតី ស្នាក់នៅមួយរាត្រី នារាជធានីភ្នំពេញ។

* នៅឯសណ្ឋាគារ សូហ្វីតែល លោក ឌូតឺតេ បានរៀបចំពិធីជួបជុំជាមួយនឹងប្រជាពលរដ្ឋហ្វីលីពីន ដែលបានមករស់នៅធ្វើការ និងរកស៊ីនៅកម្ពុជា ដោយមានកម្មវិធី សំណេះសំណាល និងប្រគំតន្រ្តីយ៉ាងសប្បាយផងដែរ មុនពេលដែលលោកចូលសម្រាន្ត នៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅកម្ពុជាមួយនេះ។ ក្នុងពិធីនោះ លោក ឌូតឺតេ ថែមទាំងបានច្រៀងរួមគ្នាជាមួយតារាចម្រៀងហ្វីលីពីន ផងដែរ។


សម្រាប់ថ្ងៃទី២នៃទស្សនកិច្ចរបស់ លោក ឌូតឺតេ (ថ្ងៃទី១៤ ខែធ្នូ)៖

* នៅវេលាម៉ោងប្រមាណ៩៖០០នាទីព្រឹក លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានដឹកនាំមន្ដ្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមទាំងកីឡាករប្រមាណ២០នាក់ ជួបសំណេះសំណាលជាមួយ ស្ដេចប្រដាល់អាស៊ី Manny Pacquiao នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ទីដែលសេ្តច ប្រដាល់រូបនេះស្នាក់នៅកម្ពុជាអស់មួយរាត្រី ហើយក៏ជាទីកន្លែងដែលប្រធានាធិបតីហ្វីលីពីនស្នាក់ផងដែរ។ នៅក្នុងជំនួបនោះ សេ្តចប្រដាល់ Pacquiao សន្យានឹងមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចជួបសំណេះសំណាលនេះមានរយៈពេលប្រមាណ២៥នាទី។

* នៅម៉ោង១០៖៣០នាទី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអញ្ជើញចូលបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានអញ្ជើញលោកមកធ្វើទស្សនកិច្ចនៅកម្ពុជា។

* បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យវេលាប្រមាណ១១៖២០នាទី ព្រឹក ហើយលោកប្រធានាធិបតីបានអញ្ជើញត្រឡប់ទៅកាន់សណ្ឋាគារ សូហ្វីតែល ភូគីត្រាវិញ ដើម្បីរង់ចាំជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាពេលរសៀលនាថ្ងៃដដែល។

* នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយលោក Ronald De La Rosa អគ្គស្នងការនគរបាលជាតិហ្វីលីពីន ដែលលោកបានអញ្ជើញអមដំណើរទស្សនកិច្ចរបស់លោក Rodrigo Duterte ផងដែរ។ ជំនួបនោះភាគីទាំងពីរក៏បាន ដោះដូរបទពិសោធន៍ និងបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មនានា ដើម្បីទប់ស្កាត់ប្រឆាំងបទល្មើស ជាពិសេសបទល្មើសឧក្រិដ្ឋ និងបទល្មើសគ្រឿងញៀនថែមទៀត។

* សម្រាប់វិស័យយោធាឯណោះវិញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក Eduardo M Ano នាយសេនាធិការកងទ័ពហ្វីលីពីន ក៏បានពិភាក្សាគ្នាក្រៅផ្លូវការ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាផងដែរ។ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងវិស័យយោធា។

* នៅវេលាថ្ងៃត្រង់ដដែលនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារលើវិស័យព័ត៌មានជាមួយ លោក Martin Andanar រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្វីលីពីន ដែលអមដំណើរប្រធានាធិបតីហ្វីលីពីនមកកម្ពុជា នៅក្នុងពិសារភោជនីអាហារថ្ងៃត្រង់។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា កិច្ចពិភាក្សានោះ មានគោលដៅផ្លាស់ប្តូរបទពិសោធន៍។ រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្វីលីពីន ក៏បានសន្យាថានឹងមកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ក្រោមការអញ្ជើញរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។

* ព្រឹត្តិការណ៍សំខាន់មួយទៀត នៅក្នុងអំឡុងទស្សនកិច្ចរបស់លោក ឌូតឺតេ គឺជំនួបពិសេសជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ នៅឯវិមានសន្តិភាព។ មេដឹកនាំទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល និងបានពិភាក្សាគ្នាប្រកបដោយភាពកក់ក្តៅ។ ភ្លាមៗនោះដែរ ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៦០កន្លែង សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរបស់ខ្លួនផងដែរ។ លោកប្រធានាធិបតី បានលើកឡើង អំពីចំណាប់អារម្មណ៍ចំពោះប្រាសាទអង្គរវត្តរបស់ខ្មែរផងដែរ។

* នៅក្នុងជំនួបរវាងប្រមុខដឹកនាំកំពូលកម្ពុជា-ហ្វីលីពីន ក៏បានចុះអនុស្សារណៈចំនួន៤រួមមានដូចជា៖

១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។

២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។

៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។

៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន។

* យ៉ាងណាក៏ដោយ ទោះបីជាមានសារព័ត៌មានអន្តរជាតិមួយចំនួនបានផ្សាយថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងលើកអំពីបញ្ហាសមុទ្រចិនខាងត្បូង ពេលជួបសម្តេចតេជោ ហ៊ុន សែន នោះ ប៉ុន្តែក្នុងកិច្ចជំនួបរវាងមេដឹកនាំទាំងពីរជាក់ស្តែង មិនបានលើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូងទេ នេះបើតាមការបញ្ជាក់ពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបជាង១ម៉ោង នៅវិមានសន្តិភាព។

* បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោកប្រធានាធិបតីបានត្រឡប់ទៅសណ្ឋាគារវិញ ហើយលោកទទួលជួបពិភាក្សាការងារជាលក្ខណៈឯកជន ជាមួយអ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីនៅស្រុកខ្មែរ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ នៅវេលាម៉ោង៦៖០៥នាទីល្ងាចថ្ងៃដដែល។ ជំនួបនោះត្រូវបានរំពឹង ថា នឹងហុចផលទៅវិញទៅមក ក្នុងការវិនិយោគរបស់ប្រទេសទាំងពីរ។ កិច្ចជំនួបរវាងប្រធានាធិបតីហ្វីលីពីន ជាមួយអ្នកឧកញ៉ា គិត ម៉េង មានរយៈពេលប្រមាណជាង២០នាទី។

* នៅម៉ោងប្រមាណ៧៖១០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញទៅដល់ព្រះបរមរាជវាំងជាសារថ្មី ដើម្បីចូលរួមពិធីលាងសាយភោជ រួមជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត។

* បន្ទាប់ពីចូលរួមពិធីលាងសាយភោជនៅក្នុងព្របរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកប្រធានាធិបតី ឌូតឺតេ និងគណៈប្រតិភូ នឹងចាកចេញពីកម្មវិធីក្នុងព្រះបរមរាជវាំង ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ នៅវេលាម៉ោង២១៖៣០នាទី លោកប្រធានាធិបតី និងគណៈប្រតិភូ បានចាកចេញពីកម្ពុជា ដើម្បីបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ទីដែលលោកបន្តបំពេញទស្សនកិច្ចនៅទីនោះ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះ ត្រូវបានចាត់ទុកថា គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ហ្វីលីពីន ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា៕