(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា តាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ មន្ត្រីបុគ្គលិក មកពីនាយកដ្ឋាននានា និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត កំពុងទទួលវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសសង្គ្រោះបឋមពីក្រុមអ្នកជំនាញ The CPR HERO Training Center មកពីសហរដ្ឋអាមេរិក ដែលចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ។ លោកថា «ដូចយើងដឹងស្រាប់ហើយថា បច្ចុប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំង។ ដូច្នេះយើងត្រូវព្យាយាមពង្រឹងគុណភាព នៃការទស្សនានេះ ឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយភ្ញៀវទេសចរដែលចូលទស្សនាតំបន់នេះមានចំនួនច្រើន ដូច្នេះឧបទ្ទហេតុអាចកើតឡើងចំពោះពួកគាត់។ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព គឺជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា»។
លោកបន្ថែមថា សារមេរៀននេះមានសារៈសំខាន់ ដោយនឹងពង្រីកវគ្គបណ្តុះបណ្តាលនេះទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះ ចេះរឹតតែច្រើនរឹតតែល្អចំពោះសេវាទេសចរណ៍។ ទន្ទឹមគ្នានេះដែរ លោក សំណូមពរឲ្យសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត ព្រោះចំណេះដឹងនេះមិនត្រឹមតែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិ របស់ពួកគាត់បានទៀតផង។
លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center និងជាអ្នកបណ្តុះបណ្តាលផ្ទាល់ បានលើកឡើងថា វគ្គសិក្សានេះបានផ្តោតសំខាន់លើ របៀបជួយឲ្យមានដំណើរការដង្ហើមឡើងវិញ និងការវាយតម្លៃជនរងគ្រោះថា តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយសង្គ្រោះនៅនឹងកន្លែងបាន ហើយគ្រោះថ្នាក់កម្រិតណា ដែលត្រូវការឡានពេទ្យជាចាំបាច់ខានមិនបាន។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋម អាចជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីគ្រោះថ្នាក់បានដែរ ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់មកដល់។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានប្រគល់ម៉ាស៊ីនឆក់បេះដូងមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះបឋម ក្នុងករណីដែលមានឧបទ្ទវហេតុត្រូវប្រើប្រាស់ជាចាំបាច់។
លោក ថាន់ ប៊ុនធី មន្រ្តីនគរបាលចរាចរណ៍ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញចំណាប់អារម្មណ៍ថា លោកពេញចិត្តនឹងកម្មវិធីបណ្តុះបណ្តាលនេះណាស់ ព្រោះវាជាវិធីសាស្រ្តដែលអាចជួយឲ្យ មន្ដ្រីទាំងអស់សង្រ្គោះមនុស្សទូទៅបានគ្រប់ពេលវេលា។ លោកប្តេជ្ញាថា នឹងយកមេរៀននេះទៅអនុវត្ត និងណែនាំអ្នកផ្សេងទៀតដែលអាចណែនាំបាន ដើម្បីឲ្យចូលរួមជួយសង្គ្រោះនៅពេលភ្ញៀវ ឬ អ្នកស្រុកមានបញ្ហាកើតឡើងបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ នៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center ដដែល កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ៕