(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមពិធីលាងសាយភោជ នៅក្នុងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកប្រធានាធិបតី ឌូតឺតេ និងគណៈប្រតិភូ បានចាកចេញពីកម្មវិធី ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅវេលាម៉ោង២១៖៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូនេះ លោកប្រធានាធិបតី ឌូតឺតេ និងគណៈប្រតិភូ បានចាកចេញពីកម្ពុជាហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ទីដែលលោកនឹងបន្តបំពេញទស្សនកិច្ចនៅទីនោះ។
សូមជំរាបថា នៅម៉ោងប្រមាណ៧យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានទៅដល់ព្រះបរមរាជវាំងជាសារថ្មី ដើម្បីចូលរួមពិធីលាងសាយភោជ រួមជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ ព្រមទាំងមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត៕