(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាការងារលើវិស័យព័ត៌មានជាមួយ លោក MARTIN ANDANAR រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្វីលីពីន នៅក្នុងពិសារភោជនីអាហារថ្ងៃត្រង់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
ទំព័រ Facebook របស់ក្រសួងព័ត៌មាន បានសរសេរថា កិច្ចពិភាក្សានោះ មានគោលដៅផ្លាស់ប្តូរបទពិសោធន៍។ កិច្ចជំនួបនេះក៏បានធ្វើឡើង យ៉ាងស្និតស្នាល ហើយលោក MARTIN ANDANAR រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្វីលីពីន ក៏បានសន្យាថានឹងមកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ក្រោមការអញ្ជើញរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។
សូមជំរាបថា លោក MARTIN ANDANAR រួមទាំងមន្រ្តីជាន់ខ្ពស់ហ្វីលីពីនជាច្រើនទៀត បានអមដំណើរ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃនេះ។ ពួកគាត់នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៩៖៣០នាទីយប់ ដើម្បីបន្តដំណើរទៅប្រទេសសិង្ហបុរី៕