(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះថា បណ្ណាល័យកំពង់ចាម ដែលបានបិទជិត៤០ឆ្នាំ ដោយសារសង្គ្រាម នឹងបើកសម្ពោធដំណើរការជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែធ្នូស្អែកនេះ បន្ទាប់ពីការស្ថាបនាបានរួចរាល់។
ការសម្ពោធបណ្ណាល័យនេះ ក៏មានកម្មវិធីដង្ហែរក្បួនសៀវភៅ កាត់ខ្សែបូរណ៌ កម្មវិធីថ្នាក់ដឹកនាំស្តាប់យុវជនរៀបរាប់ អំពីបទពិសោធន៍ការយល់ដឹង អំពីអត្ថប្រយោជន៍នៃការអានសៀវភៅ និងកម្មវិធីប្រគុំតន្ត្រីស្វែងរកមូលនិធិ និងថវិកាបន្ថែមដើម្បីទ្រទ្រង់បណ្ណាល័យ ដែលរៀបចំឡើងដោយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។
ដើម្បីឲ្យដំណើរ នៃការរៀបចំព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងអធិកអធម រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យមានការចូលរួមដោយសេរី និងទូលំទូលាយនៅកម្មវិធីដែលបានរៀបរាប់ខាងលើ៕