(ព្រៃវែង)៖ ដើម្បីនាំយកសេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ពិធីនេះ ក្រោមវត្តមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។
ថ្លែងក្នុងពិធីនោះ លោក ពេជ សោភ័ន បានលើកឡើងថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀត របស់រាជរដ្ឋភិបាលក្នុងនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យកាន់តែឆាប់រហ័ស និងមកកៀកប្រជាពលរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយឲ្យពលរដ្ឋ ក្នុងខេត្តព្រៃវែងទាំងមូល ឲ្យទទួលបានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែប្រសើរ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជាដំណាក់កាលទី៣។
លោកបន្ដថា ក្នុងពេលដំណើរការសាកល្បងកន្លងមក មជ្ឈមណ្ឌលការងារខេត្តព្រៃវែងនេះ បានប្រមូលផ្សព្វផ្សាយព័ត៌មាន ជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទចំនួន ២,១៦៦ និងចុះឈ្មោះជួយស្វែងរកការងារ ជូនប្រជាពលរដ្ឋចំនួន៤៣៩នាក់ ដែលក្នុងនោះចំនួនជិត១០០នាក់ហើយ ដែលបានទទួលការងារធ្វើ។
ជាក់ស្តែង យុវជន សេង សុខេង ដែលទើបទទួលបានការងារដំបូង ជាជំនួយការរដ្ឋបាល ក្រុមហ៊ុនវិវឌ្ឍន៍ Golden Finance Plc ក្នុងក្រុងព្រៃវែង បានប្រាប់ថា «ខ្ញុំបានចុះឈ្មោះស្វែងរកការងារជាមួយមជ្ឈមណ្ឌលការងារខេត្តព្រៃវែង បន្ទាប់មកខាងមជ្ឈមណ្ឌលបានហៅ មករៀនវគ្គត្រៀមខ្លួន ចូលទីផ្សារការងារ ក្រោយមកក៏បានដាក់ពាក្យ និងសម្ភាសន៍ជាប់ជាជំនួយការរដ្ឋបាល»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលការងារខេត្តព្រៃវែង គឺជាមជ្ឈមណ្ឌលការងារទី៩ហើយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់សេវាជួយស្វែងរកការងារ ជូនប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានទីផ្សារការងារដ៏ទូលំទូលាយជាងគេ និងមិនគិតកម្រៃ។ មជ្ឈមណ្ឌលការងារនេះ ដើរតួនាទីជាច្រកចេញចូលតែមួយ ដែលប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងអាចទទួលព័ត៌មានអំពីឱកាសការងារ និងសេវាជួយស្វែងរកការងារដោយងាយស្រួល។
ទន្ទឹមនេះ មជ្ឈមណ្ឌលការងារ ក៏បានផ្តល់ឱកាសទូលំទូលាយ ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មាន ជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ហើយទទួលបានសេវាផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារ ដែលមានគុណភាពបានយ៉ាងឆាប់រហ័ស ហើយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា ក៏អាចធ្វើការផ្សព្វផ្សាយនូវវគ្គ និងកម្មវិធីបណ្តុះបណ្តាលដោយងាយស្រួលនៅទីនេះ៕