(កំពត)៖ ដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់ខ្លួនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា និងជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់លំនៅឋានចំនួន ៦ខ្នងជូនអតីតយុទ្ធជនកម្ពុជា កំពុងជួបការលំបាកក្នុងជីវភាព។
ផ្ទះទាំង៦ខ្នង ត្រូវបានប្រកាសផ្តល់ជូនដោយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពេលរូបលោកជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនមកពីស្រុកអង្គរជ័យ និងស្រុកបន្ទាយមាសខេត្តកំពត ជាង ១ពាន់នាក់នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
អតីតយុទ្ធជន ដែលទទួលបានលំនៅឋានពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖
១៖ ឈ្មោះ អ៊ុក ស៊ីអ៉ីន រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ
២៖ ឈ្មោះ មាស ស៊ន រស់នៅភូមិត្រពាំងត្រកៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ
៣៖ ឈ្មោះ អ៊ុ ប៉ូច នៅភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស
៤៖ ឈ្មោះ ស៊ឹម ជីម នៅភូមិទួលក្រសាំង ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស
៥៖ ឈ្មោះ គឹម សុភាព ប្រពន្ធជនពលី នៅភូមិ របងក្រាស់ ឃុំកំពង់ត្រាចខាងកើត
៦៖ ឈ្មោះ ស វ៉ិត គ្រួសារពលី នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច
លោក មាស ស៊ន តំណាងឲ្យអតីតយុទ្ធជនទាំង ៦គ្រួសារ បានសម្តែងក្តីត្រេកអរ និងរីករាយខ្លាំង ព្រមទាំងបានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាក ហើយសម្រេចផ្តល់ផ្ទះស្នាក់នៅដល់ពួកគេ។
លោក មាស ស៊ន បានថ្លែងដូច្នេះ «ពួកខ្ញុំ ពិតជាទ័លក្រ ហើយគ្មានលទ្ធភាពមែន ប៉ុន្តែទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកខ្ញុំមិនដែលភ្លេចគុណឡើយ ពួកខ្ញុំនៅតែគោរព នៅតែស្មោះស្ម័គ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជារៀងរហូត»។
តំណាងឲ្យអតីតយុទ្ធជនទូទាំងប្រទេស នាយឧត្តមសេនីយ៍ គន់ គីម បានគោពថ្លែងអំណរគុណតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់អតីតយុទ្ធជន ដែលជាអ្នកបានពលីអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ និង ក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងយ៉ាងដូច្នេះ «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងពោរពេញដោយគុណធម៌។ សម្តេចទាំងពីរ មិនដែលបានព្រងើយកន្តើយ និងបំភ្លេចបងប្អូនអតីតយុទ្ធជនកម្ពុជានោះឡើយ។ សម្តេចទាំងពីរ គឺជាឪពុក ជាម្តាយ ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់អតីតយុទ្ធជន ក្នុងនាមថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ពួកយើងមិនអាចបំភ្លេចនូវគុណនូបការៈគុណដ៏ធំធេងនេះបានឡើយ ពួកយើងសូមគាំទ្រ និងចងចាំជានិច្ចចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ»។
ជួបមុខឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ គន់ គីម ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងតាមអភិបាលប្រោសព្រំ ប្រសិទ្ធិពរជ័យសិរីសួស្តី គ្រប់ប្រកាសជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ ហ៊ុន សែន បុត្រា បុត្រី និងចៅប្រុសស្រីទាំងអស់។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបកំណើតគម្រប់អាយុ ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ។ ក្នុងឱកាសខួបកំណើតនេះ គេសង្កេតឃើញថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា បានផ្ញើលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាបន្តបន្ទាប់៕