(ភ្នំពេញ)៖ ក្រុមក្មេងសិស្សសាលា២ក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងកក្រើក ផ្អើលពេញដងផ្លូវជាតិលេខ៤ ទាំងកណ្ដាលថ្ងៃត្រង់ ក្បែរសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពេលចេញពីរៀន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
សិស្សដែលវាយប្រយុទ្ធគ្នាទាំង២ក្រុមនេះ ម្ខាងៗមានគ្នាពី៤ទៅ៥នាក់ វាយគ្នាដោយប្រើខ្សែក្រវាត់ និងដុំថ្ម ជិះម៉ូតូដេញគ្នាទៅវិញទៅមក ដែលខ្លះមានឯកសណ្ឋាន ជាសិស្សសាលាថែមទៀត ប៉ុន្តែមិនមានភាគីណាមួយ រងរបួសធ្ងន់ធ្ងរឡើយ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីប៉ុន្មានខែមុន ក្រុមសិស្សសាលាទាំង២ក្រុមនេះ បានមានទំនាស់ជាមួយគ្នា២ទៅ៣លើកមកហើយ រហូតមានគំនុំគុំគួនជាមួយគ្នារហូតមក លុះមកដល់ថ្ងៃកើតហេតុខាងលើ ក្រោយពេលចេញពីរៀន ភាគីម្ខាងបានដកខ្សែក្រវាត់ វាយទៅលើភាគីម្ខាងទៀត ទើបធ្វើបណ្ដាលឲ្យមានការវាយប្រហារគ្នា យ៉ាងអនាធិបតេយ្យពេញផ្លូវបែបនេះ មើលទៅហាក់ដូចគ្មានវិន័យជាសិស្សសាលាបន្តិចណាឡើយ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងតាមដងផ្លូវជាតិលេខ៤។
សមត្ថកិច្ចបានបន្តថា ភាគីដែលវាយគេមុន បានជិះម៉ូតរត់គេចចេញទាំងស្លន់ស្លោរ បណ្ដាលឲ្យដួលចូលក្នុងភក់ ហើយត្រូវគូទំនាស់តាមទាន់ដេញវាយសងសឹក រហូតមានការអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងចាប់យកទៅណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្កចលាចលទាំងនេះ ផងដែរ៕