(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី ១៤ ខែធ្នូ នេះថាមន្ត្រីរបស់ប្រទេសចិនដែលបានចុះមកពិនិត្យតាមរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា ដើម្បីវាយតម្លៃថា មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចេញអង្ករ ទៅកាន់ប្រទេសចិន ឬយ៉ាងណានោះ បានបញ្ចប់ការចុះពិនិត្យរួចរាល់ហើយ ដោយពួកគេអះអាងថា រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាជាង៩០ភាគរយ អាចនាំចេញទៅប្រទេសចិនបាន។
អគ្គលេខាធិការរូបនេះ បានឲ្យដឹងថា មន្រ្ដីក្រសួងគ្រប់គ្រង់ ត្រួតពិនិត្យ គុណភាព និងចត្តាឡីស័ករបស់ប្រទេសចិន បានចុះត្រួតពិនិត្យលក្ខណៈសម្បត្តិដោយផ្ទាល់ តាមក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅតាមរោងម៉ាស៊ីនកិនស្រូវចំនួន ២៨រោងម៉ាស៊ីន។
លោក មូល សារិទ្ធី បានបញ្ជាក់ទៀតថា «រោងម៉ាស៊ីនទាំង២៨ ដែលមន្រ្ដីចិនបានចុះទៅពិនិត្យ ពួកគាត់អះអាងថា មានរោងម៉ាស៊ីនកិនស្រូវលើសពី៩០ភាគរយ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការនាំចេញអង្ករទៅប្រទេសចិនបាន ខណៈមួយចំនួនទៀត មន្រ្ដីទាំងនោះបានជម្រុញឲ្យមានការកែលម្អការគ្រប់គ្រង់ និងការរៀបចំឯកសារឲ្យបានប្រសើរឡើងវិញ»។
លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា បញ្ហាសំខាន់៣ ដែលមន្ដ្រីរបស់ចិនធ្វើការត្រួតពិនិត្យ រួមមាន៖ ទី១-អំពីគុណភាពអង្ករ ថាតើអង្កររបស់រោងម៉ាស៊ីនទាំងនោះ មានសត្វល្អិត ប្រើប្រាស់ថ្នាំគីមី ឬយ៉ាងណា។ ទី២- តើកន្លែងផលិតអង្ករក្នុងរោងម៉ាស៊ីនទាំងនោះ មានស្ដង់ដារ និងសង្វាក់ផលិតកម្មរបៀបណា និងទី៣-ថាតើរោងម៉ាស៊ីនកិនស្រូវទាំងអស់នោះ មានប្រព័ន្ធគ្រប់គ្រង់ និងការរៀបចំឯកសារត្រឹមត្រូវកម្រិតណា។
ទីផ្សារចិន គឺជាទីផ្សារដ៏សំខាន់មួយរបស់កម្ពុជា ដោយសារតែប្រទេសនេះ មានប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពិសេសគោលនយោលបាយ របស់រាជរដ្ឋាភិបាលទាំងពីរ បាននឹងកំពុងមានសហប្រតិបត្តិការ យ៉ាងស្អិតរមួត។ ជាក់ស្ដែងនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលចិនបានដំឡើងកូតា នាំចេញអង្កររបស់កម្ពុជា ហូតដល់២០ម៉ឺនតោនក្នុង១ឆ្នាំៗ។
សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ប្រទេសចិន បានជាង១០ម៉ឺនតោន៕