(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦នេះ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទាន ទាំងហិរញ្ញប្បទានឥតសំណង់ និងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានា ដល់កម្ពុជាសរុបប្រមាណ៣,៤៨៣លានដុល្លារអាមេរិក ដែលក្នុងនោះហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ២,៤៦៣លានដុល្លាអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយនៅថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៃជំនួបពិភាក្សាការងាររវាង លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Hidehisa Horinouchi ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា ក្នុងកិច្ចជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្ម ដែលបានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសពាក់ព័ន្ធជាមួយនឹង ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច អភិបាលកិច្ច និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ដែលថ្មីៗនេះ ជប៉ុនបានជួយរួមចំណែក ក្នុងការជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងការបោះឆ្នោឆ្នាំ២០១៧ និង២០១៨ផងដែរ។
លោកទេសរដ្ឋមន្ត្រីក៏បានសើ្នឲ្យភាគីជប៉ុន ជំរុញអ្នកវិនិយោគគិនជប៉ុន ឲ្យមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត ហើយកម្ពុជានឹងបន្ដជួយ សម្រួលដល់បរិយាកាស វិនិយោគរបស់អ្នកវិនិយោគគិនទាំងអស់ ដែលគ្រោងនឹងមកបណ្ដាក់ទុន នៅកម្ពុជានាពេលអនាគត។
ជាមួយគ្នានេះដែរលោក Hidehisa Horinouchi ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការរីកចំរើន និងការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ ហើយនឹងបានបញ្ជាក់បន្ថែមថា ជប៉ុន នឹងខិតខំបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ឲ្យទៅនឹងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ជាពិសេសគោលនយោលបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម សំដៅលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
លោកឯកអគ្គរាជទូត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលឆ្លងកាត់ផុតពីចំណាត់ថ្នាក់ ប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម និងសម្ដែងនូវការសាទរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ដែលបានសម្រេចបាននូវការហោះហើរត្រង់ រវាងប្រទេសទាំងពីរដែលនេះ គឺសមិទ្ធផលដ៏ធំធេងមួយ ដែលអាចធានាបាននូវគុណប្រយោជន៍ យ៉ាងច្រើនរវាងប្រទេស និងប្រជាពលរដ្ឋទាំងពីរប្រទេស៕