(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍លោក ប្លង់ សំណាង នៅរសៀលថ្ងៃទី១៤ ធ្នូឆ្នាំ ២០១៦នេះ បានចេញសាលដីកាសម្រេចតម្កល់សាលក្រម របស់សាលាដំបូង រាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្ដន្ទាទោសលោកនី ចរិយា អតីតអគ្គលេខាធិការរង គ.ជ.ប ឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យប្រាក់ឲ្យបង់ចូលថវិការដ្ឋ៦លានរៀល។ លោក នី ចរិយា ត្រូវបានបញ្ជូនមកកាន់សាលាឧទ្ធរណ៍ផងដែរ។
លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហាបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង បទអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ។
បច្ចុប្បន្នលោក នី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះផងដែរ។
នៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ ក្រុមប្រឹក្សាជំរះក្ដីសាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ លោកនីចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលោកដាក់ពន្ធនាគារ៦ខែ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីដាក់សម្ពាធលើយុត្តាធិការ ។
លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដាក់ពាក្យប្តឹងកាលពីខែកក្កដា ឆ្នាំ២០១៥ ក្នុងគ្រាដែលលោកមានតួនាទីជាប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក មុននឹងក្លាយជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅក្នុងបណ្តឹងនោះប្រឆាំងនឹងលោក នី ចរិយា ជុំវិញការលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ និងទី២០ ខែឧសភា ឆ្នាំ២០១៥ ដែលត្រូវបានសារព័ត៌មាន ជាច្រើនដកស្រង់សម្ដីចុះផ្សាយថា មន្ត្រីតុលាការទាំងពីររូប អនុវត្តនីតិវិធីឃុំខ្លួន មិនត្រឹមត្រូវទៅលើពលរដ្ឋក្នុងជម្លោះដីធ្លីពីរនាក់នៅខេត្តសៀមរាប និងការចោទប្រកាន់មន្ត្រីតុលាការខេត្តនេះ ឃុបឃិតគ្នាយកដីពលរដ្ឋខ្មែរ ប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម ក្នុងទំនាស់ដីធ្លីមួយកន្លែងក្នុងខេត្តសៀមរាប ទោះបីជាជនជាប់ចោទ បានអះអាងមិនធ្លាប់លើកឡើងបែបនេះក្តី៕