(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានកាត់បន្ថយការទទួលពលករប្រទេសដទៃ ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួន ប៉ុន្តែកូរ៉េមិនបានកាត់បន្ថយចំនួនពលករខ្មែរឡើយ គឺមានតែបន្ត និងបន្ថែមកូតាជាង៧ពាន់នាក់ ក្នុង១ឆ្នាំ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអតីតពលករខ្មែរនៅកូរ៉េ និងអាណាព្យាបាលរបស់ពលករខ្មែរ ដែលកំពុងបម្រើការងារនៅកូរ៉េ ក្នុងភោជនីយដ្ឋាន Seven Bright នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានអ្នកចូលរួមជាង៣៥០នាក់។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា «នាឆ្នាំដំបូង កម្ពុជាអាចបញ្ជូនពលករទៅធ្វើការងារនៅកូរ៉េ ត្រឹមតែ៥០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ តែចាប់ពីឆ្នាំ២០១៥មក កូរ៉េបានបន្ថែមការទទួលពលករខ្មែរ ដល់ទៅជាង៧ពាន់នាក់ ក្នុង១ឆ្នាំ»។
លោកបន្តថា នៅឆ្នាំ២០១៧នែះ កូរ៉េមានគម្រោងនឹងកាត់បន្ថយកូតាពលករពីប្រទេសមួយចំនួនទៀត ប៉ុន្តែពលករខ្មែរ គឺត្រូវបានកូរ៉េសន្យាថា នឹងរក្សា ឬអាចនឹងបង្កើនថែមទៀត ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងរូបលោកផ្ទាល់ គឺបានស្នើសុំដល់ភាគីកូរ៉េ ឲ្យបន្ថែមកូតាដល់ពលករខ្មែរបន្តទៀត។
លោកបញ្ជាក់ទៀតថា ពលករដែលចេញទៅធ្វើការនៅក្រៅប្រទេស គឺមិនមែនទៅធ្វើខ្ញុំគេ ដូចអ្នកមួយចំនួនលើកឡើងនោះទេ ផ្ទុយទៅវិញ ពួកគាត់បានស្ម័គ្រចិត្តជ្រើសរើសយកជម្រើសបន្ថែម ដោយខ្លួនឯង ហើយបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន អំពីឱកាសដែលរាជរដ្ឋាភិបាល បានខិតខំផ្តល់ជូននេះ ដូចជាទទួលបានប្រាក់ចំណូល ដើម្បីយកមកទ្រទ្រង់ជីវភាពគ្រួសាររបស់ខ្លួន នៅឯស្រុកកំណើតផង អាចទទួលបានជំនាញបច្ចេកទេសផង បទពិសោធន៍ផង និងភាសាផង ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួនវិញ។
ពេលត្រឡប់មកកម្ពុជាវិញ ពលករខ្មែរអាចចាប់យកឱកាសការងារផ្សេងៗ ដែលជាជំនាញរបស់ខ្លួន នៅតាមក្រុមហ៊ុនធំៗ ដែលចូលមកវិនិយោគបង្កើតរោងចក្រ នៅប្រទេសកម្ពុជា។ ហើយពេលកំពុងបំពេញការងារនៅឯបរទេស ក្រសួងការងារ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជា នៅឯបរទេសក៏ខិតខំបង្កើនសេវាគាំពារពួកគាត់ ហើយពេលត្រឡប់មកដល់ប្រទេសកំណើតវិញ ក៏ពួកគាត់មានបណ្តាញគាំទ្រគ្នាទៅវិញទៅមកដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ពលករ ឪពុកម្តាយ និងអាណាព្យាបាលរបស់ពលករ ដែលផ្តល់យុត្តិធម៌ និងហ៊ានការពារអ្វីដែលជាអំពើល្អរបស់រារដ្ឋាភិបាល ដែលបានខិតខំបង្កើតឡើងជាប្រយោជន៍ សម្រាប់សង្គមជាតិកម្ពុជាទាំងមូល៕