(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ ដឹកនាំដោយលោក សុះ ម៉ាច ប្រធានសមាគម បាននាំយកថវិកា ដើម្បីផ្ដល់ជូន​ដល់​មូលដ្ឋាន កុមារកំព្រា ក្នុងបុរីកុមា ដែលមាន​​អាសយ​ដ្ឋាន​ស្ថិតជាប់នឹង​សាលាបឋមសិក្សា ទូលស្លែង ក្នុងសង្កាត់ទូលស្វាយព្រៃទី២ ខណ្ឌចំការមន ក្នុងន័យជួយសម្រាលទុក្ខលំបាក​របស់ក្មួយៗ ដែលកំពុងស្នាក់​នៅ និងសិក្សា ក្នុងមូលដ្ឋាននេះ​ផ្ទាល់។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឲ្យដឹងថា នៅថ្ងៃនេះ ខាងសមាគមបាននាំយកថវិកា ដែលបានមកពីសប្បុរសជននានា ជួយឧបត្ថម្ភដល់ បុរីកុមារ ដើម្បីជាការជួយសម្រាល​ទុក្ខលំបាក ដែលកុមារនៅទីនេះ ដែលកំពុងជួបប្រទះ​នូវការខ្វះខាត។ ថវិកាបន្តិចបន្តួចនេះ វាមិនបានជួយសម្រួលទុក្ខលំបាក ជារៀងរហូតនោះទេ ប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នា យើងត្រូវតែចេះ​ជួយចែករំលែក ការលំបាករបស់គ្នា​ទៅវិញទៅមក បានមួយគ្រា និងជាផ្នែកមួយ ចូលរួមក្នុងសង្គម​ ផងដែរ។

លោក សុះ ម៉ាច ក៏បានផ្ដាំផ្ញើទៅដល់ប្អូនៗ ក្មួយៗ ជាកុមារនៅក្នុងមណ្ឌល បុរីកុមា ជិត១០០នាក់ នេះ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងត្រូវជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ដែលអាចបំផ្លាញអនាគត​របស់ក្មួយៗ​។ ​

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ ជារឿយៗ តែងតែនាំយកថវិកា ជួយឧបត្ថម្ភដល់បងប្អូនក្រីក្រ និងអ្នកសិល្បៈបាត់បង់​សមត្ថភាព ឬកំពុងមានជំងឺជាដើម។ ប៉ុន្តែពេលនេះ សមាគមសិល្បករខ្មែរ បាននាំយកថវិកា១លានរៀល ដើម្បីជូនដល់ បុរីកុមារ ដើម្បីរំលែកការលំបាក បានមួយគ្រា៕