(ភ្នំពេញ)៖ ជំនួបពិសេសរវាងមេដឹកនាំកំពូលរបស់ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព បានចាប់ផ្តើមហើយ នៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
នៅក្នុងកិច្ចពិភាក្សាដែលបាននឹងកំពុងប្រព្រត្តិទៅនៅរសៀលថ្ងៃនេះ រវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ, ត្រូវបានគេរំពឹងថា អាចនឹងមានការពិភាក្សាគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
សូមជំរាបថា បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រឡប់ទៅកាន់សណ្ឋាគារ សូហ្វីតែល ភូគីត្រា វិញ។ រហូតដល់ម៉ោង៧យប់ថ្ងៃដដែលនេះលោកប្រធានាធិបតី និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូនេះ លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសសិង្ហបុរី ដើម្បីបន្តដំណើរទស្សនកិច្ចនៅទីនោះជាបន្តទៀត៕