(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញ ជូនប្រជាពលរដ្ឋទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ខាងមុខ នៅសាលាឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋ បានទៅចុះឈ្មោះបោះឆ្នោត ហើយបានបិទបញ្ចប់នៅយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
គ.ជ.ប បានឲ្យដឹងថា ដើម្បីអាចបោះឆ្នោតបានពេញសិទ្ធិ ទាល់តែប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ដោយឡែកចំពោះប្រជាពលរដ្ឋណា ដែលមានឈ្មោះក្នុងបញ្ជី ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនោះ មិនមានសិទ្ធិបោះឆ្នោតបានទេ។
គ.ជ.ប បានបន្តថា ចំពោះបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ សាម៉ីខ្លួន ឬតំណាងអាចដាក់ពាក្យបណ្ដឹង នៅសាលាឃុំ-សង្កាត់បាន រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយត្រូវភ្ជាប់ទៅជាមួយនូវ បង្កាន់ដៃចុះឈ្មោះបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានច្បាស់លាស់បំផុត។
សូមជម្រាបថា ក្រោយពីបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ ត្រឹមវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋដែលបាន ទៅចុះឈ្មោះបោះឆ្នោតរួចរាល់ មានចំនួន ៧,៨៧៣,១៩៤នាក់ ស្មើនឹង៨១.៤៧ភាគរយ នៃចំនួនអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោត៩.៦លាននាក់៕