(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានលើកឡើងថា បើសិនជាពលរដ្ឋណាមិនទាន់មាន អត្តសញ្ញាណប័ណ្ណចាប់ពី២នាក់ឡើងទៅ កម្លាំងនគរបាលនៅតាមមូលដ្ឋាន ត្រូវយកម៉ាស៊ីនចុះទៅធ្វើជូនពួកគាត់ដល់ខ្នងផ្ទះ ដើម្បីឲ្យពួកគាត់មានអត្តសញ្ញាប័ណ្ណបានប្រើប្រាស់គ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានលើកឡើងបែបនេះ នៅពិធីប្រជុំផ្សព្វផ្សាយប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្តនូវប្រកាសចំនួន០៣ របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងសាលប្រជុំស្នងការខេត្តកណ្តាលដែលមានការចូលរួមពីលោកនាយ-នាយរងការិយាល័យ អធិការនគរបាលស្រុក/ក្រុង លោកនាយ-នាយរងផ្នែក និងអស់លោកមេប៉ុស្តិ៍ទាំង១២៧ទូទាំងស្រុក/ក្រុង ក្នុងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានថ្លែងយ៉ាងដូច្នោះថា «ចំពោះនាយប៉ុស្តិ៍ទាំងគ្រប់ស្រុកទាំងអស់ត្រូវខិតខំពង្រឹង សន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅពីយើង ហើយប្រសិនបើប្រជាពលរដ្ឋក្នុងមូលដ្ឋានមានគ្នា២នាក់ មិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណយើងត្រូវយកម៉ាស៊ីន ចុះទៅធ្វើជូនពូកគាត់ដល់ខ្នងផ្ទះដើម្បីឲ្យពួកគាត់ មានអត្តសញ្ញាប័ណ្ណប្រើប្រាស់គ្រប់ៗគ្នា»។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នូវប្រកាសចំនួន០៣របស់ក្រសួងមហាផ្ទៃ ទី១-ប្រកាសលេខ១៣៣០០ប្រ.ក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត» ,ទី២-ប្រកាសលេខ១៣៣០១ប្រ.ក ស្តីពី «តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ» និងទី៣-ប្រកាសលេខ១៣៣០២ប្រ.ក ស្តីពី«តួនាទីនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់» ៕