(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា មានកិច្ចសំណេះសំណាលក្រៅផ្លូវការរវាង នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធ​ពលខេម​រភូមិន្ទ និងឧត្តមសេនីយ៍ឯក Eduardo M Ano នាយសេនាធិការកងទ័ពហ្វីលីពីន។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ​គណៈប្រតិភូយោធាជាន់​ខ្ពសរបស់​ហ្វីលីពីន ដែលបានមកបំពេញ ទស្សនកិច្ចជាផ្លូវ​រដ្ឋនៅកម្ពុជា ដើម្បីរឹតចំណង​សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការល្អដោយ​ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង​ល្អរវាងរដ្ឋាភិបាល, កងទ័ព និងប្រជាជនយើងទាំងពីរ កម្ពុជា-ហ្វីលីពីន ដែលធ្លាប់មាន​ជាយូរលង់​មកហើយឲ្យកាន់តែរីកច​ម្រើនរឹង​មាំថែមទៀត។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងហ្វីលីពីន មានចាប់តាំងពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧០ ក៏បានដាច់ទំនាក់ទំនងដោយ​សារប្រទេសកម្ពុជា​មានសង្រ្គាម ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសទាំងពីរក៏ ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាឡើងវិញ។

ឧត្តមសេនីយ៍ឯក អ៊ីឌូ អាដូ អេម អាណូ (EDUARDO M ANO) បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបាន ឆ្លៀតឱកាសដ៏មានតម្លៃទទួល​បដិសណ្ឋារកិច្ចដល់គណៈប្រតិភូរបស់លោក ក្នុងខណៈពេលដែលលោកអមដំណើរ លោក Rodrigo Duterte ប្រធានាធិបតី នៃសាធារណរដ្ឋភីលីពីន មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា ក្នុងរយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទីទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

ឧត្តមសេនីយ៍ឯក បានបន្តថា៖ នយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន ដែលជាមគ្គុទេសក៏ ដ៏ឆ្នើមដែលបានដឹកនាំកម្ពុជា ទទួលបាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក Ano ដែលមានវ័យ៥៥ឆ្នាំ និងបម្រើក្នុងជួរកងទ័ព៣៤ឆ្នាំ បានទទួលតំណែងជានាយសេនាធិការកងទ័ពហ្វីលីពីន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីរូបលោកបានកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកអស់រយៈពេលជាងមួយឆ្នាំ៕