(កូរ៉េ)៖ ក្រុមការងារស្ថានទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្យមើលស្ថានភាពការងារជាក់ស្ដែង របស់ពលករខ្មែរ ដែលកំពុងបម្រើការងារផ្នែកកសិកម្ម នៅចម្ការដំណាំចំនួន២កន្លែង ស្ថិតនៅជាយទីក្រុងសេអ៊ូល។
ក្នុងឱកាសនោះក្រុមការងារក៏បានជំរុញដល់ថៅកែ និងមេការនៅទីនោះ ត្រូវបន្តអនុវត្តលក្ខខណ្ឌការងារសមស្រប និងបន្តការគោរពសិទ្ធិពលករខ្មែរឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពការងារជួនពួកគាត់ទាំងអស់គ្នា។
ក្រោយចុះពិនិត្យជាក់ស្ដែង ក្រុមការងារបានសង្កេតឃើញថា ឥរិយាបថ និងលក្ខខណ្ឌការងាររវាងថៅកែ និងពលករ គឺមានភាពល្អប្រសើរច្រើន និងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក។ ប៉ុន្តែក៏នៅមានថៅកែ និងមេការមួយចំនួន មិនទាន់បានគោរពលក្ខខណ្ឌការងារ បានពេញលេញនៅឡើយទេ ដែលប្រការនេះ គឺជាក្ដីកង្វល់របស់ស្ថានទូត។
តែទោះជាយ៉ាងណា ក្រុមការងារស្ថានទូត បាននិងកំពុងខិតខំប្រឹងប្រែង ធ្វើការសហការជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សរបស់សាធារណរដ្ឋកូរ៉េ (HRD) ដើម្បីជួយអប់រំផ្សព្វផ្សាយដល់និយោជក ឲ្យគោរពតាមលក្ខខណ្ឌការងារទាំងអស់គ្នា។
សូមជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០១៦ ពលករខ្មែរដែលទៅបម្រើការងារផ្នែកកសិកម្ម នៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ EPS-TOPIK មានចំនួន ១៦,២២៥នាក់ (ស្រី ៧,៣១៥នាក់)៕