(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូអនុសាខា កាកបាទក្រហមកម្ពជាខណ្ឌ ដោយមានការរួមដំណើរពីមន្ត្រី ក្រោមឱវាទខណ្ឌ-សង្កាត់ យុវជន អ.ម.ត និងយុវជន ស.ស.យ.ក ជាច្រើននាក់ ដើម្បីមកទទួលទេយ្យវត្ថុរួម និងថវិកាមួយចំនួន ពីព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តឧត្តរាវត្តី ដែលមានព្រះតេជគុណ ទីបធម្មោ ម៉ុក ប៊ុន សុធា ជាព្រះចៅអធិការវត្ត ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ដើម្បីយកមកតម្កល់ត្រៀមទុកចែក ជូនបន្តតាមគ្រួសារក្រីក្រក្នុងមូលដ្ឋាន។
នាឱកាសទទួលទេយ្យវត្ថុនេះលោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជព្រះគុណ ទីបធ ម្មោ ម៉ុក ប៊ុនសុធា ជាព្រះវិនយ័ធរ ចៅអធិការវត្តឧត្តរាវត្តី និងព្រះសង្សគ្រប់អង្គ យាយជី តាជី ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តឧត្តរាវត្តី ដែល បានផ្ដល់ជូននូវវប្បធម៌ ចែករំលែកមានជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី បានបន្តទៀតថា លោក នឹងនាំយកសម្ភារ ក៏ដូចជា ថវិកាដែលទទួលបានមកពីព្រះសង្ឃក្នុងវត្តឧត្តរាវត្តី ដើម្បីបន្តចែកជូនជួយសង្គ្រោះដល់ប្រជាពលរដ្ឋ លំបាក ក្រីក្រ ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកអភិបាលខណ្ឌបញ្ជាក់ថា ចំពោះសម្ភារមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវទទួលបានពីព្រះសង្ឃក្នុងវត្តឧត្តរាវត្តីនាពេលនេះ រួមមាន៖ អង្ករ៤០០គីឡូក្រាមទឹកក្រូច៤កេស ស្ករស៤៨គីឡូក្រាម ទឹកដោះគោ១កេស ទឹកត្រី១០យួរ ទឹកស៊ីអីវ១០យួរ តែ១០០កញ្ចប់ ត្រីខ១០០ កំប៉ុង ទឹកសុទ្ធ៦យួរ ម៊ី១៤កេសតូច អំបិល១០ថង់ ម៊ុង ភួយ កន្ទេល ខ្នើយ១០សម្រាប់ ចានដែក ធុងទឹកកក ខ្ទះឆា បំពង់ទឹកក្តៅ ចានស្រាក់១០សម្រាប់ និងថវិកាចំនួន១លានរៀល ដោយសរុបទាំងសម្ភារផ្សេងៗ ជាច្រើនទៀតស្មើ និង៥លាន១សែន៥ម៉ឺន២ពាន់រៀល។
ជាមួយគ្នានោះព្រះតេជព្រះគុណ ទីបធ ម្មោ ម៉ុក ប៊ុនសុធា ជាព្រះវិនយ័ធរចៅអធិការវត្តឧត្តរាវត្តី បានមានសង្សដីកាថា សម្រាប់ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការគ្រប់គ្រងវត្តមានឱកាសបាន ចូលសហការបរិច្ចាគនូវវប្បធម៌ចែករំលែកទាំងនេះ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ជាអភិបាលខណ្ឌ ដោយក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសយើងទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ៕