Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការនគរបាលស្រុកកោះធំ៖ ការជួយអតីតយុទ្ធជន គឺជាការតបស្នងសងគុណដល់ពួកគាត់

14-12-2016 13:39

(កណ្តាល)៖ ដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជន ដែលធ្លាប់ពាលីកម្លាំងកាយចិត្ត និងកម្លាំងចិត្តដល់សង្គមជាតិនាពេលអតីតកាលនោះ យើងម្នាក់ៗ ត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ និងចេះជួយដោះស្រាយបញ្ហាប្រឈមនានាដល់ពួកគាត់ ដែលកំពុងជួបប្រទះទាន់ពេលវេលា។ នេះជាការលើកឡើងរបស់លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ និងជាប្រធានសមាគមអតីតយុទ្ធជនស្រុកកោះធំ។

លោក ឈឿន ប៊ុនឆន លោក កែវ សំអាន បញ្ជាការសឹករងស្រុក និងជាអនុប្រធាន លោកវរសេនីយ៍ត្រី ឡាំ ណារុំ បញ្ជាការកងរាជអាវុធហត្ថស្រុក និងជាអនុប្រធាន លោកស្រី ថង សុធា អនុប្រធានអចិន្ត្រៃយ៍ ស.អ.ក ស្រុកកោះធំ និងសហការី ជាច្រើននាក់ បានជួបសំណេះជាមួយសមាជិក អតីតយុទ្ធជនស្រុកកោះធំ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកកោះធំ។

លោក ឈឿន ប៊ុនឆន បានថ្លែងទៅកាន់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ថា «ខ្ញុំមានថ្ងៃនេះ ខ្ញុំមានសម្លៀកបំពាក់ស្អាតហើយរស់នៅ បានសេចក្តីសុខនោះ គឺដោយសារតែ មានលោកពូ អ្នកមីង ដែលជាអតីតយុទ្ធ បានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ដូច្នេះហើយខ្ញុំ ជាអ្នកជំនាន់ក្រោយ គួរតែតបស្នងសងគុណដល់ពួកគាត់ឲ្យល្អ បើសិនជាមានបញ្ហាអ្វី ខ្ញុំនឹងដោះស្រាយជូនទៅតាមលទ្ធភាពនៅអ្វីដែលលោកពូ អ្នកមីងសំណូមពរ បើសិនជាខ្ញុំមិនអាចដោះស្រាយជូនមិនបាន ខ្ញុំនឹងរាយការទៅបន្តទៅថ្នាក់លើ ដើម្បីឲ្យថ្នាក់លើជួយរកដំណោះស្រាយបន្ត»

ក្រោយពីសំណេះសំណាលរួច លោកប្រធានបានឧបត្ថម្ភម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង ទៅទៅតាមសំណូមពររបស់លោកពូ អ្នកមីងជាអតីតយុទ្ធ៣នាក់ ដើម្បីយកទៅប្រើប្រាស់។

លោកក៏បានសន្យាថា នឹងដោះស្រាយបញ្ហាមួយចំនួនទៀត ដែលលោកពូ អ្នកមីងកំពុងជួបប្រទះហើយលោកបានឧបត្ថម្ភថវិកាក្នុងម្នាក់៦ម៉ឺនរៀលផងដែរ។

ឆ្លើយតបទៅនឹងសកម្មភាពដ៏រស់រវើកនេះ លោកពូ អ្នកមីង ដែលជាអតីតយុទ្ធជនទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលោកប្រធាន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខពួកគាត់៕