(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគ្រូពេទ្យ និងបុគ្គលិក មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតប្រមាណ២០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យនានា នៅទូទាំងប្រទេស ដែលកំពុងខ្វះឈាម ដើម្បីជួយសង្គ្រោះបន្ទាន់នូវជីវិតអ្នកជំងឺ និងអ្នករបួសធ្ងន់ធ្ងរ ជាពិសេសអ្នកគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវការឈាមជាចាំបាច់។

លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងថា ដោយកិច្ចសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅព្រឹកនេះ គ្រូពេទ្យរបស់យើង បានធ្វើការការបរិច្ចាគ​ឈាមដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជំងឺ ដែលនេះជាឆន្ទៈ និងមនសិការរបស់គ្រូពេទ្យ ដែលក្រៅពីការយកចិត្ដទុកដាក់ព្យាបាល ថែទាំអ្នកជំងឺគឺគ្រូពេទ្យ បានផ្ដល់ឈាមជួយជីវិតអ្នកជំងឺ បន្ថែមទៀតផងដែរ។

លោកសាស្ដ្រាចារ្យបន្ដថា «សព្វថ្ងៃនេះ កម្ពុជាយើង នៅតែមានការខ្វះខាតឈាម ដោយមួយថ្ងៃៗស្ទើរតែគ្រប់មន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវការឈាមរហូត ជាក់ស្ដែងនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងមួយខែៗបើយើងសរុបទៅ អ្នកជំងឺត្រូវការឈាមដើម្បីសង្គ្រោះជីវិត មានរហូតដល់ទៅជាង១៥០០ប្លោក ឃើញដូចនេះហើយ ទើបខ្ញុំផ្ទាល់និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យយើង ធ្វើការបរិច្ឆាគឈាមនេះ ហើយយើងនឹងបន្ដផ្ដល់ឈាម ជាបន្ដទៀត។

លើសពីនេះ ចំពោះ ការបរិច្ចាគឈាមនេះ មិនមែនធ្វើទៅដោយម្នាក់ឯងបាននោះទេ គឺត្រូវរួមសាមគ្គីគ្នា ក្នុងការបរិច្ចាគឈាមជួយដល់អ្នក រងគ្រោះនៅ​ទូទាំងប្រទេសដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីផ្ដល់ឈាមឲ្យគ្រប់ៗគ្នា»។  

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមបានថ្លែងថា «សព្វថ្ងៃនេះយើងមិនទាន់មាន ឈាមគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ ដោយសារតែក្នុងមួយថ្ងៃ គ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមចន្លោះពី ៨០ទៅ១០០ប្លោកសម្រាប់ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗហើយទូទាំងប្រទេសត្រូវការ ឈាមប្រមាណ១៥០ប្លោក រៀងរាល់ថ្ងៃ។ ដូចនេះយើងត្រូវ​ការឈាមបន្ថែមទៀតដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់»។

លោកក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាម មកដល់អង្គភាពរបស់លោក ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។

បើសិនជាគ្មានការចូលរួមចំណែក ពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌល ក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួម​របស់បងប្អូនពិតជាមានសារសំខាន់យ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំទាំងអស់ រួមទាំងវេជ្ជបណ្ឌិត និងបុគ្គលិកដែលបាន បរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះ ដល់ជនរងគ្រោះ ដែលត្រូវ ការឈាមជាចាំបាច់នោះ៕