(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) បានបើកយុទ្ធនាការមួយស្ដីពី "សប្ដាហ៍យល់ដឹងអំពីឱសងអង់ទីប៊ីយោទិក" ដើម្បីផ្សព្វផ្សាយណែនាំពីការប្រើប្រាស់ឱសថនេះ ដល់ប្រជាពលរដ្ឋកម្ពុជា។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយណែនាំខាងលើនេះ ធ្វើឡើងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្ដល់ព័ត៌មានអំពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ឲ្យបានសមស្រប និងគ្រោះថ្នាក់នៃការរីករាលដាល នៃភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក។
តាមសេចក្ដីប្រកាសដដែល បានបន្តថា ក្រសួងសុខាភិបាល កំពុងជំរុញឲ្យប្រជាពលរដ្ឋប្រកាន់យកដំបូន្មានមួយចំនួន ដើម្បីការពារខ្លួន និងគ្រួសាររបស់ពួកគាត់ រួមមាន៖ ទី១.សម្រាប់គ្រុនក្ដៅ ឬក្អកផ្ដាសាយ សូមកុំលេបថ្នាំផ្សាស, ទី២.សូមកុំទិញថ្នាំផ្សាសដោយគ្មានវិជ្ជបញ្ជា, ទី៣.ថ្នាំផ្សាសត្រូវចេញវិជ្ជបញ្ជាពីគ្រូពេទ្យ, និងទី៤.សូមកុំប្រើប្រាសថ្នាំផ្សាស ដែលប្រើប្រាស់លើកមុនៗ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានផ្ដល់អនុសាសន៍ដល់កសិករ និងអ្នកចិញ្ចឹមសត្វមួយចំនួនផងដែរ រួមមាន៖ ទី១.ត្រូវអនុវត្តការគ្រប់គ្រងសុខភាពសត្វឲ្យបានល្អត្រឹមត្រូវ ក្នុងកសិដ្ឋាន, ទី២.បើប្រើប្រាស់ឱសថប្រឆាំងមេរោគ ត្រូវតែប្រើក្នុងពេលចាំបាច់។
សូមជម្រាបថា ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកនេះ អាចប៉ះពាល់ដល់មនុស្សគ្រប់រូប គ្រប់អាយុ និងជាកត្តាមួយ ក្នុងចំណោមកត្តាគម្រាមកំហែង ដែលកើតឡើងយ៉ាងលឿនបំផុត ចំពោះបញ្ហាសុខភាព ចំណីអាហារ និងបញ្ហាមួយចំនួនផ្សេងទៀត៕