(ភ្នំពេញ)៖ បន្ទាប់ពីចូលគាល់ និងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យនៅវេលាប្រមាណជាង១១៖២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ បន្ទាប់មកលោកប្រធានាធិបតីអញ្ជើញត្រឡប់ទៅកាន់សណ្ឋាគារសូហ្វីតែល ភូគីត្រា វិញ។ 

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ លោកប្រធានាធិបតី នឹងចូលជួប​សំណេះសំណាល​ពិភាក្សាការងារ ជាមួយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមាន​សន្តិភាព។

លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានមានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ហ្វីលីពីន ដែលកំពុងរស់នៅកម្ពុជាជាច្រើនរយនាក់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ទីដែលលោកប្រធានាធិបតីស្នាក់នៅ៕