(សៀមរាប)៖ ស្រ្តីវ័យជាង៧០ឆ្នាំម្នាក់ បានដាច់ខ្យល់ស្លាប់ និងមនុស្សធំ៤នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ក្រោយពីពួកគេ បានពុលផ្អកត្រីប្រៃកាលពីយប់មិញ។
លោក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ករណីខាងលើពិតជាមានកើតឡើងមែន នៅវត្តបន្ទាយក្បាលចិន ភូមិបង្គង ឃុំអំពិល ស្រុកប្រាសាទបាគង។
លោក សឿន សេន បានបន្ថែមថា មូលហេតុដែលនាំឲ្យកើតករណីនេះ គឺនៅយប់មិញ មានប្រជាពលរដ្ឋ បានយកផ្អកត្រីប្រៃ ទៅឲ្យម្តាយ និងបងប្អូនរបស់ខ្លួន ដែលរស់នៅវត្ត ដើម្បីហូប ស្រាប់តែក្រោយពេលហូបហើយ បណ្តាលឲ្យជនរងគ្រោះទាំង៥នាក់ មានអាការ:មិនស្រួល (ពុល) ទើបនាំគ្នាបញ្ជូនទៅមណ្ឌលសុខភាព តែដោយសារស្រ្តីជាម្តាយ អាយុជាង៧០ឆ្នាំ មានស្ថានភាពធ្ងន់ធ្ងរជាងគេ ទើបបណ្តាលឲ្យស្លាប់តែម្តង ខណ:ជនរងគ្រោះ៤នាក់ ផ្សេងទៀត បានជួយទាន់ ហើយបានត្រឡប់ទៅផ្ទះបាត់ហើយ។
បើតាមលោក សឿន សេន នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញរបស់លោក សហការជាមួយមន្ទីរសុខាភិបាល កំពុងចុះពិនិត្យករណីនេះ ដើម្បីរកមូលហេតុពិតដែលនាំឲ្យពុលយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្រុងសៀមរាប ក៏មានព្រះសង្ឃ និងប្រជាពលរដ្ឋ ៣៦អង្គ នាក់ បានពុលផ្អកកំពិសផងដែរ តែត្រូវបានជួយសង្គ្រោះទាន់៕