(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យ២នាក់និងថ្នាំញៀនយ៉ាម៉ា៣០គ្រាប់ ទៅតុលាការនៅរសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នេះ បន្ទាប់ពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង១៩៖០០នាទីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងកន្លងទៅ។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញទទួលបានព័ត៌មានថាមានករណីជួញដូរថ្នាំញៀនរួចមកកម្លាំងយើងបានសហការជាមួយកម្លាំងអន្តាគមពិសេសខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងបទល្មើសជាក់ស្តែងមានឈ្មោះ ហ៊ឹង ជួយ ហៅជីវភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេលខេត្តបាត់ដំបង ដោយរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន៣០គ្រាប់មានទម្ងន់ស្មើនឹង៣.០១ក្រាមម៉ូតូ១គ្រឿងទូរស័ព្ទដៃ១គ្រឿង ។
លោក ស៊ាន សូណាល់ បានបន្តថា រួមនាំមកសាកសួរចម្លើយទើបដឹងថា មានបក្ខពួកម្នាក់ទៀត កម្លាំងជំនាញបានសុំយោបល់លោកព្រះរាជអាជ្ញា នួន សាន ឈានទៅចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត កាលពីវេលាម៉ោង២១៖៣០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ នៅចំណុច ភូមិដូនអោក ឃុំល្វាស្រុកបវេល ជនសង្ស័យនេះមានឈ្មោះ វណ្ណៈ គឹមលី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននាំយកមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕