(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នឹងដឹកនាំ សមាសភាពក្រសួងរ៉ែចំនួន៨រូប ចូលបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ។ នេះបើតាមលិខិតជូនដំណឹងរបស់ លោក ស៊ុយ សែម ទៅកាន់រដ្ឋសភា។
សមាសភាពទាំងនោះរួមមាន៖ លោក ស៊ុយ សែម រដ្ឋមន្រ្តី, លោក ហូ វិចិត្រ រដ្ឋលេខាធិការ,លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ, លោក ញឹក សុមេធ អនុរដ្ឋលេខាធិការ, លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ, លោក ប៉េង ណាវុធ អគ្គនាយករងធនធានរ៉ែ និង លោក ហ៊ីង ទន់ ប្រធាននាយកដ្ឋានរ៉ែសំណង់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានស្នើកោះអញ្ជើញ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឱ្យចូលបំភ្លឺ នៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារមួយចំនួន។ ការកោះអញ្ជើញនេះ ក៏មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតីនៃរបាយការណ៍នាំចេញខ្សាច់ របស់ប្រទេសកម្ពុជា៕