(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា សេ្តចប្រដាល់ Manny Pacquiao សន្យានឹងអញ្ជើញមកកាន់កម្ពុជាជាថ្មីម្តងទៀត ដើម្បីជួយបង្ហាត់បង្រៀនដល់កីឡាករកម្ពុជា តាមការស្នើសុំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ពេលវេលានៃការអញ្ជើញត្រឡប់មកកម្ពុជាសារជាថ្មី របស់ស្តេចប្រដាល់រូបនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះលោកបានសន្យាចេញពីទឹកចិត្តរបស់គាត់ថា នឹងមកកម្ពុជាជាថ្មីដើម្បីជួយបង្ហាត់ដល់កីឡាករប្រដាល់ខ្មែរ នៅពេលវេលាសមរម្យណាមួយ។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកីឡាករស្តេចប្រដាល់ Manny Pacquiao នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយកិច្ចជួបសំណេះសំណាលនេះ មានរយៈពេលប្រមាណ២៥នាទី៕