(ទីក្រុងឡុងដ៍)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃប្រទេសកម្ពុជាបានទទួលពានរង្វាន់ពីព្រះអង្គម្ចាស់ Michael of Kent នៅឯពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំសម្រាប់ការខិតខំរបស់ គណៈកម្មាធិការជាតិក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលក្នុងនោះក៏មានការកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) ត្រូវតែពាក់មួកសុវត្ថិ ភាពដែលជាលទ្ធផលបានជួយសង្រ្គោះជីវិតមនុស្ស និងការពារការរងរបួសធ្ងន់ធ្ងរបានយ៉ាងច្រើន។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាកចរាចរណ៍ បានថយចុះប្រមាណ២៥៩នាក់ ហើយអ្នករងរបួសធ្ងន់ បានថយចុះប្រមាណ៥៩៦នាក់នៅក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០១៦ បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៥។
ព្រះអង្គម្ចាស់ Michael of Kent បានមានព្រះបន្ទូលថា៖ «គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សប្រមាណ១,២៥លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ហើយបណ្តាប្រទេសដែលមានកម្រិតចំណូលទាបដូចជាប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង»។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលបន្ថែមទៀតថា៖ «ការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គឺជាឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការផ្លាស់ប្តូរជាវិជ្ជមានដោយបានធ្វើឱ្យប្រសើរឡើងនូវច្បាប់ និង បទដ្ឋានពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហការរវាងវិស័យសាធារណៈ និងសង្គមស៊ីវិល ដែលអាចបង្កើតជាគំនិតផ្តួចផ្តើមថ្មី។ កិច្ចសហប្រតិបត្តិការរបៀបនេះ គឺឆ្លុះបញ្ចាំងអំពីមូលហេតុដែលនាំឱ្យរូបខ្ញុំបង្កើតកម្មវិធីពានរង្វាន់នេះឡើងក្នុង រយៈពេលជិត៣០ឆ្នាំកន្លងមក»។
កាលពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានសម្លាប់ជីវិតមនុស្ស ៣០ដងច្រើនជាងចំនួនអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីន/អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបូកបញ្ចូលគ្នាទៅទៀត។ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដែលក្នុងនោះ ក៏បានតម្រូវជាលើកដំបូងឱ្យអ្នករួមដំណើរ តាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពបន្ថែមពីលើការកំណត់ការពាក់ មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូ ត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ និងបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៦មក។
ព្រះអង្គម្ចាស់ Michael of Kent ដែលជាអ្នកគាំទ្រដ៏មុតមាំម្នាក់លើវិស័យសុវត្ថិភាពចរាចរណ៍ នៅលើសកលពិភពលោកដ៏យូរមកហើយ បានប្រគល់ពានរង្វាន់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ លោក (Lord) Robertson ដែលជាអតីតប្រធានគណៈកម្មការ សុវត្ថិភាពចរាចរណ៍សកល និងលោក Andrew Jones រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ នៃចក្រភពអង់គ្លេស ក៏បាន ចូលរួមក្នុងពិធីនេះដែរ។ តំណាងជាន់ខ្ពស់អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក៏មានវត្តមានក្នុងចំណោមគណៈប្រតិភូកម្ពុជា ដែលអញ្ជើញទៅចូលរួមទទួលពានរង្វាន់នេះដែរ។ បន្ថែមពីលើនេះ មានអ្នកចូលរួមជាង៣០០នាក់ផ្សេងទៀតដែលរួមមានអ្នកជាជ័យលាភីពានរង្វាន់ និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជាច្រើនរូប មកពីបណ្តាប្រទេសនានាលើពិភពលោកបានចូលរួមក្នុងពិធីប្រចាំឆ្នាំមួយនេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា៖ «បន្ទាប់ពីមានការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងបានឃើញពីវឌ្ឍនភាពដ៏គួរឱ្យលើកទឹកចិត្តឆ្ពោះទៅកាន់គោលដៅរបស់យើង ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន ៥០% ក្នុងឆ្នាំ២០២០ ហើយដែលនឹងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋបានប្រមាណ ៧៣៥០នាក់នៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ វឌ្ឍនភាពនេះកើតចេញពីការចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោករបស់ប្រជាពលរដ្ឋភាគច្រើន ដែលជាលទ្ធផលបានមកដោយសារ មានការអនុវត្តច្បាប់ ការបង្កើនការយល់ដឹង និងការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដឹកនាំ និងសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រ ប្រកបដោយភាពច្នៃប្រឌិតដោយប្រមូលផ្តុំស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធសំដៅធ្វើឲ្យប្រសើរឡើង នូវសុវត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា។
ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការមូលនិធិបង្ការរបួសអាស៊ីបានអនុវត្តយុទ្ធនាការ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» កាលពីឆ្នាំ២០១៤ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ មូលនិធិ FIA Foundation និងម្ចាស់ជំនួយសំខាន់ៗមួយចំនួនទៀត ក្នុងការគាំទ្រដល់ការជំរុញការអនុម័ត និងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។ ជាលទ្ធផល អត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូក្នុងបណ្តាខេត្តគោលដៅបានកើនឡើងបីដង និងបានបង្កាមនុស្ស៣៤៩នាក់ពីការរងគ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានការពារការខាតបង់ថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។
លោក Greig Craft ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ីបានមានប្រសាសន៍ថា៖ «តាមរយៈការដាក់បញ្ចូលសូចនាករសុវត្ថិភាពចរាចរណ៍ ទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ការរងរបួសដោយគ្រោះថ្នាក់នៅលើដងផ្លូវបានក្លាយទៅ ជាបញ្ហាដែលកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងលើឆាកអន្តរជាតិ»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមចូលរួមអបអរសាទរគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះការរួមចំណែកធ្វើឲ្យសម្រចនូវគោលដៅជាសកលទាំងនេះ ហើយអង្គការមូលនិធិបង្ការរបួសអាស៊ីនឹងបន្តចូលរួម ធ្វើឲ្យសហគមន៍ទាំងឡាយនៅក្នុងប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាពល្អប្រសើរ»។
ពានរង្វាន់អន្តរជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃព្រះអង្គម្ចាស់ Michael ត្រូវបានរៀបចំឡើងដោយស្ថាប័នមួយមានឈ្មោះថា RoadSafe ដែលដៃគូមនុស្សធម៌ មួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយធ្វើការគៀរគរអ្នកតំណាងទាំងឡាយមកពីវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើការផ្នែកសុវត្ថិភាព ចរាចរណ៍ឲ្យធ្វើការួមគ្នាដើម្បីកាត់បន្ថយការស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងសកលលោក។
សូមជំរាបថា ពានរង្វាន់អន្តរជាតិពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជានេះ ត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕