(ភ្នំពេញ)៖ យោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងមុននេះបន្ដិចថា នៅម៉ោង៨ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នឹងដឹកនាំមន្ដ្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមទាំងកីឡាករប្រមាណ២០នាក់ ជួបសម្ដែងការស្វាគមន៍ស្ដេចប្រដាល់អាស៊ី Manny Pacquiao នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ទីដែលសេ្តចប្រដាល់រូបនេះស្នាក់នៅ។
អគ្គលេខាធិការ NOCC រូបនោះបានបន្ដថា ការជួបកីឡាករប្រដាល់ដ៏ល្បីលើពិភពលោក Manny Pacquiao នេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយនេះគឺជាមោទនភាពមួយសម្រាប់វិស័យកីឡាកម្ពុជា ពិសេសគឺកីឡាប្រដាល់ក្បាច់គុនរាណខ្មែរ និងកីឡាប្រដាល់សាកលកម្ពុជាតែម្ដង ព្រោះ Pacquiao គឺជាកីឡាករគំរូមួយដ៏ល្អ សម្រាប់កីឡាករទូទាំងពិភពលោក រួមទាំងកម្ពុជា ហើយក៏ជាការលើកទឹកចិត្ត និងជំរុញវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ក្រៅពីជំនួបស្វាគមន៍អ្នកប្រដាល់ជនជាតិហ្វីលីពីនខាងលើ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានគម្រោងស្នើសុំកីឡាករ Manny Pacquiao មកទស្សនកិច្ចផ្លូវការជាលើកទី២ នៅកម្ពុជា តាមការអញ្ជើញរបស់ខ្លួនផងដែរ ដើម្បីចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសកីឡាប្រដាល់ដល់កីឡាករ-កីឡាការិនីកម្ពុជានាពេលខាងមុខ។
គួរបញ្ជាក់ថា Manny Pacquiao បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូនេះ នៅក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ៕