(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រសាសន៍ថា យើងទាំងអស់គ្នា នឹងប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព រួមទាំងពង្រឹង និងពង្រីកសកម្មភាពការងារបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយសម្រាលរាល់ការលំបាក របស់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែច្រើនទៀត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយបានប្រជុំនេះ ពិភាក្សា​និងអនុម័តទៅលើឯកសារ ដែលបានរៀបចំក្នុងនោះមាន៖

១៖ របាយការណ៍សកម្មភាព ឆ្នាំ២០១៦ និងផែនការការងារ ឆ្នាំ២០១៧
២៖ របាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៦ និងព្យាករណ៍ចំណូលថវិកា ឆ្នាំ២០១៧​
៣៖ អនុម័តលើផែនការថវិកាចំណាយជាអាទិភាព ឆ្នាំ២០១៧។

ក្នុងឱកាសនោះ​ដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានថ្លែងនូវការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីប្រតិបត្តិ​ អ្នកស្ម័គ្រចិត្ត​និងយុវជនកាកបាទក្រហមកម្ពុជា​ ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន​ក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ​ និងងាយរងគ្រោះ​បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព​ទៅតាមផែនការប្រចាំឆ្នាំ ដែលបានកំណត់​ និងក្នុងកិច្ចការងារក្រៅអាទិភាព​ជាច្រើនទៀត។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦​នេះ​ កាកបាទក្រហមកម្ពុជា​ដែលមានសម្តេចព្រះមហាក្សត្រី​នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ហ៊ុនសែន​ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​នៃវិស័យស្នូលទាំង៤​ ឱ្យប្រតិបត្តិការទៅដោយរលូន​ និងមានប្រសិទ្ធភាព​ ដោយបានឆ្លើយតបចំពោះភាពងាយរងគ្រោះ​ និងរងគ្រោះសរុបចំនួន១៣២.៦៤២គ្រួសារ​ ក្នុងនោះពីថ្នាក់កណ្តាលចំនួន​៥៣.៩៩៨គ្រួសារ​ ពីថ្នាក់សាខាចំនួន៧៩.៤៦៤គ្រួសារ​ច្រើនជាង ឆ្នាំ២០១៥​ ចំនួន៦៣.៩៣១គ្រួសារ៕