(ភ្នំពេញ)៖ ក្រុមហ៊ុន៥ រួមមាន Emerald HUB, ក្រុមហ៊ុន Smart, ឌីជី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រុមហ៊ុន Sabay បានធ្វើពិធីចុះហត្ថលេខាដៃគូសហការរួមគ្នា ជំរុញក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាពដល់យុវជន ដែលចាប់ផ្ដើមអាជីវកម្មថ្មី (Startup Business) ជាមួយនឹងក្រុមហ៊ុនឌីជីដើម្បីធ្វើសកម្មភាពប្រកួតប្រជែង គំនិតអាជីវកម្ម និងការបណ្ដុះបណ្ដាលពីរបៀបធ្វើអាជីវកម្មដំបូង ដល់សមាជិក ក៏ដូចជា សិស្សនិស្សិត និងអ្នកអាជីពនានា ជាពិសេសក្នុងវិស័យអាជីវកម្មបច្ចេកវិទ្យា។
ពិធីចុះហត្ថលេខា នេះបានធ្វើឡើង ក្រោមអធិបតីភាព លោក Andrey Sheen អគ្គនាយកក្រុមហ៊ុនឌីជី លោក Thomas HUNDT នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក ឈាង សុភក្តិ សហស្ថាបនិក Emerald HUB Coworking Space កញ្ញា ហេង សុធាវី ប្រធានទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងលោក ជី សិលា នាយកក្រុមហ៊ុន Sabay ។
លោក Andrey Sheen អគ្គនាយក ក្រុមហ៊ុនឌីជី បានថ្លែងថាឌីជី ពិតជារីករាយក្នុងការចូលរួមលើកស្ទួយ Emerald HUB។ យើងកំពុងតែសំលឹងឆ្ពោះទៅមុខជាមួយអ្វីដែលថ្មី និងការទទួលបានភាពរីកចម្រើននៅទីនេះ។
លោក Thomas HUNDT នាយកប្រតិបត្តិក្រុមហ៊ុន Smart ក៏បានថ្លែង ក្នុងកម្មវិធីចុះហត្ថលេខានេះដែរថា «ការិយាល័យធ្វើការរួមគ្នា ដើរតួនិងមានមុខងារ ជាកន្លែងសម្រាប់សហគ្រិនវ័យក្មេងដើម្បីពិភាក្សា និងផ្លាស់ប្តូរគំនិតច្នៃប្រឌិត ធ្វើអាជីវកម្មថ្មីជាមួយគ្នា។ Smart រីករាយក្នុងឱកាសនិយោគនានាជាពិសេស ក្នុងវិស័យ បច្ចេកវិទ្យា ហើយ យើងមើលរំពឹងទុកនូវលទ្ធផល ដ៏ប្រសើរពីការសហការជាមួយ Emerald HUB នេះ»។
កញ្ញា ហេង សុធាវី ប្រធានទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានថ្លែងថា «ការគាំទ្ររបស់យើងក្នុងកម្មវិធីនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់យើង ពោលគឺ ដើម្បី ផ្តល់សេវាហិរញ្ញវត្ថុច្រើនប្រភេទដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រិនខ្នាតតូចបំផុត តូច និងមធ្យម ។ យើងជឿជាក់ថា សហគ្រិនវ័យក្មេងនិងនិស្សិត នឹងទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនេះជាក់ជាមិនខាន ហើយយើងក៏សង្ឃឹមដែរថា នឹងមានការកើនឡើង នៃភាពជាសហគ្រិននាពេលអនាគត»។
លោក ឈាង សុភក្តិ បានថ្លែងក្នុងកម្ម អំពីសារៈសំខាន់នៃការបង្កើត ការិយាល័យធ្វើការរួមគ្នា (Coworking Space) ដែលជាផ្នែកមួយនៃប្រព័ន្ធ អេកូឡូស៊ីនៃការចាប់ផ្ដើម អាជីវកម្មថ្មីនៅ ប្រទេសកម្ពុជា ក្នុងការជួយជំរុញ សហគ្រិនវ័យក្មេង អ្នកមានគំនិតផ្ដួចផ្ដើម និងនិស្សិតឲ្យបង្កើត អាជីវកម្មបានប្រកបដោយនិរន្តភាព។
លោក សុភក្ដិ បានបញ្ជាក់ថា «Emerald HUB នឹងទទួលបាន អត្ថប្រយោជន៍ពីកិច្ចសហការ ទាំងបច្ចេកទេស អ៊ីនធឺណិត និងថវិកា សម្រាប់ការផ្សព្វផ្សាយ និងជំរុញក្នុងការបង្កើតអាជីវកម្មបច្ចេកវិទ្យាថ្មីៗ ស្របនឹងគោលបំណងរបស់ Emerald HUB ដែលបង្កើតឡើងបម្រើប្រយោជន៍ឲ្យដល់សិស្សនិស្សិត និងសហគមន៍នៃអ្នកបង្កើតអាជីវកម្មថ្មី ជាកន្លែងរៀនបន្ថែម ចែករំលែក បង្កើតថ្មី ធ្វើការរួមគ្នា ភ្ជាប់ទំនាក់ទំនង និង រីកចម្រើនជាមួយគ្នា»។
លោក បេ ចន្ត្រា សហស្ថាបនិក Emerald HUB បានបន្ថែមថា កិច្ចសហប្រតិបត្តិការនៃភាគីទាំងអស់ នឹងធ្វើឲ្យ Emerald HUB Co-Working Space ក្លាយជាកន្លែង សម្រាប់ធ្វើការផ្ដួចផ្ដើមបណ្តុះគំនិតអាជីវកម្ម និងការចាប់ផ្ដើមអាជីវកម្មថ្មី ឲ្យមាននិរន្តភាព តាមរយៈ សកម្មភាព ជួបជុំ ចែករំលែក បណ្តុះបណ្ដាល សិក្ខាសាលា ទាក់ទងនឹងការចាប់ផ្ដើមធ្វើអាជីវកម្ម ការធ្វើការ និងការប្រើប្រាស់ធនធានរួមគ្នា វិនិយោគ ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងជួយធ្វើឲ្យគម្រោងនានា នៃសហគមន៍អ្នកបង្កើត អាជីវកម្មថ្មី អាចដំណើរការបាន និងផ្ដល់ឱកាសក្នុងបង្ហាញឬណែនាំ នូវគំរូផលិតផលនិងសេវាកម្មថ្មី ក៏ដូចជាការទំនាក់ទំនង ទៅកាន់សហគមន៍នានា នៅក្នុងតំបន់អាស៊ានផងដែរ៕