(ភ្នំពេញ)៖ សភាពាណិជ្ជកម្ពុជា បានស្នើឲ្យធុរកិច្ចចិន បង្កើតមជ្ឈមណ្ឌល តាំងពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិននៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល និងប្រយោជន៍ដល់ប្រទេសកម្ពុជាផង និងប្រទេសអាស៊ានផងដែរ នោះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រោយជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងគណៈប្រតិភូធុរកិច្ច នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិចិន នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា «ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលនៅកណ្ដាលប្រទេសអាស៊ាន ដូច្នេះខ្ញុំស្នើឲ្យធុរកិច្ចចិន បង្កើតមជ្ឈមណ្ឌលតាំងពិព័រណ៍ពាណិជ្ជកម្ម អាស៊ាន-ចិន នៅក្នុងប្រទេសកម្ពុជា ព្រោះថាការហោះហើពីបណ្ដាលប្រទេសអាស៊ានមកកម្ពុជា ចំណាយពេលត្រឹមតែជាង១ម៉ោងតែប៉ុណ្ណោះ ហើយប្រទេសយើង គឺជាសមាជិកសមាគមសេដ្ឋកិច្ចអាស៊ាន ដូច្នេះអាចវិនិយោគក្នុងប្រទេសកម្ពុជា និងអាចនាំចេញទៅបណ្ដាប្រទេសអាស៊ាន ក៏ដូចជាសហគមន៍អ៊ឺរ៉ុប អាមេរិក និងប្រទេសមួយចំនួនទៀត ដោយរួចពន្ធ ហើយនេះគឺជាផលប្រយោជន៍ ចំពោះអ្នកវិនិយោគទុន ដែលបានសម្លឹងឃើញប្រទេសកម្ពុជា»។
លោកបានបញ្ជាក់ទៀតថា សម្រាប់កិច្ចជំនួប និងការចុះអនុស្សរណៈថ្ងៃនេះ គឺបានព្រមព្រៀងគ្នាទៅលើចំនុចមួយចំនួន រួមមាន សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ដោយមាន៤វិស័យធំៗដូចជា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។
សូមបញ្ជាក់ថា ក្នុងជំនួបពាណិជ្ជកម្មនេះ ក៏មានការចូលរួមពីសំណាក់ គណៈប្រតិភូចិន ដឹកនាំដោយលោក ស៊ូ ពីង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិចិន ជួបពិភាក្សាជាមួយ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិកសមាជិកាសភា ពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់ និងស្វែងរកដៃគូរវិនិយោគ លើវិស័យសក្ដានុពលនានា។
ក្នុងកិច្ចជំនួបនោះផងដែរភាគីទាំងពីរ នឹងធ្វើបទបង្ហាញស្ដីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសនីមួយៗ ដើម្បីជាព័ត៌មានមូលដ្ឋាន សម្រាប់គណៈប្រតិភូនៃប្រទេសទាំងពីរ៕