(ភ្នំពេញ)៖ ពាណិជ្ជករកម្ពុជា បានវិនិយោគប្រមាណ១លានដុល្លារអាមេរិក ដើម្បីបើកអគារលក់ និងតាំងបង្ហាញថ្មី នូវឧបករណ៍សម្ភារសំណង់ និងផលិតផលកសិកម្ម។ការវិនយោគអស់ទឹកប្រាក់ ប្រមាណ១លានដុល្លារនេះ ធ្វើឡើងក្នុងគោលបំណងបំពេញ សេចក្ដីត្រូវការដែលកំពុងកើនឡើង ផ្នែកសំណង់ និងកសិកម្ម។
ការបើកអគារលក់ និងតាំងបង្ហាញថ្មី នូវឧបករណ៍សម្ភារសំណង់ និងផលិតផលកសិកម្មនេះ មានទីតាំងនៅតំបន់ទួលទំពូង តាមបណ្តោយមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ និងត្រូវបានបើកសម្ពោធ ឲ្យដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ប៊ុន ចាន់សុភាព នាយកប្រតិបត្តិក្រុមហ៊ុន TKS Group បានថ្លែងឱ្យដឹងថា ការវិនិយោគលើអគារលក់ និងតាំងបង្ហាញឧបករណ៍សម្ភារជាងសំណង់ និងកសិកម្មនេះ បានចំណាយទឹកប្រាក់អស់ប្រមាណ១លានដុល្លារ។
លោកបន្ដទៀតថា ការនាំចូល និងផ្គត់ផ្គង់ឧបករណ៍ សម្ភារៈជាង សំណង់ និង កសិកម្មរបស់ជប៉ុន មកកម្ពុជា ដោយសារផលិតផលជប៉ុន មានគុណភាពល្អ ហើយក្រុមហ៊ុនរបស់លោក នឹងពង្រីកសាខាបន្ថែម ដោយសារមើលឃើញតម្រូវការឧបករណ៍ក្នុងវិស័យសំណង់ និងកសិកម្មមានការកើនឡើង ជាពិសេសចង់ផ្តល់ការងាយស្រួលដល់អតិថិជន។
លោក តេង គីសែ ស្ថាបិនក្រុមហ៊ុន TKS Group បានឲ្យដឹងថា ក្រុមហ៊ុន TKS Group ជាក្រុមហ៊ុនការនាំចូល និងផ្គត់ផ្គង់ឧបករណ៍ និង សម្ភារៈជាងសំណង់ និងកសិកម្ម ប្រកបដោយគុណភាព និងភាពស្មោះត្រង់នាំមុខគេមួយនៅកម្ពុជា លើម៉ាក Makita, Makitec, Mikasa និងផលិតផលល្បីៗ ជាច្រើនទៀតពីប្រទេសជប៉ុន។ ក្នុងឆ្នាំ២០១២ក្រុមហ៊ុនបានក្លាយជាអ្នកនាំចូលជាផ្លូវការនិងនាំមុខលើការផ្គត់ផ្គង់ផលិតផលម៉ាក Makita ផលិតផលពីប្រទេសជប៉ុន មកកាន់កម្ពុជា។
លោកបានបន្ដទៀតថា នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានពង្រីកទំនាក់ទំនង ពាណិជ្ជកម្មឥតឈប់ឈរ នៅទូទាំង២៥រាជធានីខេត្ត ពេញផ្ទៃប្រទេស បន្ទាប់មកក្រុមហ៊ុនបានបើកអគារលក់ និងតាំងបង្ហាញផលិតផលបង្ហាញផលិតផល ជាច្រើនកន្លែងជាបន្តបន្ទាប់រហូត មកដល់បច្ចុប្បន្ននេះ។
លោក តេង គីសែ បន្តថា «មូលហេតុដែលខ្ញុំចាប់យកមុខរបរនេះ ដោយសារសម្លឹងឃើញប្រទេសកម្ពុជា កំពុងតែអភិវឌ្ឍន៍ និងមានតម្រូវការខ្ពស់ លើផ្នែកសំណង់និងកសិកម្ម ដូច្នេះទើបខ្ញុំនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ មកបម្រើតាមសេចក្តីត្រូវការ របស់ប្រជាជន។ ហើយការបើកអគារលក់ និងតាំងបង្ហាញផលិតផលថ្មីមួយទៀត នៅតំបន់ទួលទំពូងនេះលើមហាវិថីម៉ៅសេងទុង គឺដើម្បីផ្តល់ ភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការកើន ឡើងរបស់អតិ ថិជនយើង»។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា «វិស័យឯកជនមានសារៈសំខាន់ និងជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ កម្ពុជាមានមោទនភាពណាស់ ដែលមានផលិតផលម៉ាកល្បីៗ របស់ជប៉ុននៅកម្ពុជា ដែលជួយបំពេញតម្រូវ ការដល់វិស័យសំណង់ និងកសិកម្ម ដែលកំពុងកើនឡើង»៕
[Forwarded from A huor FN]