(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយទទួលបានការស្វាគមន៍ដោយមន្រ្តីជាន់ខ្ពស់កម្ពុជារួចរាល់នោះ នៅម៉ោងប្រមាណ៦៖១៥នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានចាកចេញពីព្រលានយន្តហោះ ដើម្បីបន្តដំណើរទៅកាន់សណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលបានចេញទៅស្វាគមន៍ដល់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បន្ទាប់ពីលោកឡើងកាន់តំណែងនេះរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្រៅពីនោះក៏មានមន្រ្តីសំខាន់ៗជាច្រើនទៀត។
តាមគម្រោងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវសម្រាកមួយយប់នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ក្នុងពេលស្នាក់នៅសណ្ឋាគារនេះលោកក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ៕