(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានជូនដំណឹងឲ្យនិស្សិតជយលាភីគ្រប់ជំនាញ គ្រប់ជំនាន់ ដែលមិនទាន់បានទទួលសញ្ញាបត្រ សូមមកដាក់ពាក្យស្នើសុំ ឲ្យបានមុនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) សូមជូនដំណឹងដល់និស្សិត ស.វ.សទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យបាននិងកំពុងពន្លឿនការងារ រៀបចំសញ្ញាបត្រ ជូនដល់និស្សិតជយលាភី គ្រប់ជំនាញ គ្រប់ជំនាន់ ទាំងអស់ដែលមិនទាន់បានទទួលសញ្ញាបត្រ គិតរហូតដល់ត្រឹមឆ្នាំសិក្សា២០១៤-២០១៥ នេះ។
អាស្រ័យហេតុនេះ សូមអតីតនិស្សិត ស.វ.ស ដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យរួចហើយ ប៉ុន្តែមិនទាន់បានមកដាក់ពាក្យសុំធ្វើសញ្ញាបត្រ សូមអញ្ជើញមក ដាក់ពាក្យស្នើសុំធ្វើសញ្ញាបត្រ និង/ឬ បំពេញឯកសារបន្ថែម នៅផ្នែកចុះឈ្មោះ និងលិខិតបទដ្ឋាននិស្សិត ស្ថិតក្នុងទីតាំងទី១ ស.វ.ស មហាវិថីព្រះមុនីវង្ស (ជិតអគារខ្ពស់វឌ្ឍនៈ) នៅរៀងរាល់ថ្ងៃ/ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះរហូត ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ត្រឹមវេលាម៉ោង ១៧៖០០ ជាកំហិត។
ចំពោះនិស្សិតទាំងឡាយណា ដែលមិនបានមកបំពេញសំណុំ ឯកសារដាក់ពាក្យសុំធ្វើ សញ្ញាបត្រតាមការណែនាំក្នុងសេចក្តីជូនដំណឹងនេះទេ សាកលវិទ្យាល័យនឹងមិន ទទួលខុសត្រូវជាដាច់ខាតចំពោះការខកខាន ឬ យឺតយ៉ាវក្នុងការទទួលសញ្ញាបត្រ នោះឡើយ៕