(សៀមរាប)៖ ចាប់តាំងពីអង្គរបានក្លាយជា សម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ប្រទេសជាច្រើនចាប់ផ្តើមចូលរួម ក្នុងកិច្ចការអភិរក្ស និងជួសជុលស្តារឡើង នូវប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។
ក្នុងនាមជាស្ថាប័នគ្រប់គ្រង រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការ អភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានភារកិច្ចជា ម្ចាស់ផ្ទះផង ជាអ្នកសម្របសម្រួលជាមួយ ស្ថាប័នអន្តរជាតិផង ដោយឆ្លងតាមក្រុមជំនាញ នៃគណៈកម្មាធិការ ICC-Angkor ដើម្បីជួសជុលអភិរក្សកេរមតកដូនតា។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរបញ្ជាក់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា ចាប់តាំងពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក មានស្ថាប័នអន្តរជាតិជាច្រើនបានមកជួយស្រោចស្រង់អង្គរ មានទាំងគម្រោងអភិរក្ស ជួសជុល ប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគមន៍។
និយាយពីគម្រោងអភិរក្ស និងជួសជុលស្តារប្រាសាទ លោកទីណាបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២មក មានស្ថាប័នអន្តរជាតិចំនួន២១ មកពី១៣ប្រទេស បានអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទចំនួន៣១គម្រោង។
ប្រទេសទាំង១៣នោះរួមមាន ចិន សាធារណរដ្ឋឆែក បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស៊្វីស អាមេរិក អូស្ត្រាលី ហុងគ្រី និងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះមានប្រទេសចំនួន៤ បានបញ្ចប់គម្រោងរបស់ខ្លួនទាំងស្រុង គឺសាធារណរដ្ឋឆែក ឥណ្ឌូណេស៊ី ស៊្វីស និងហុងគ្រី។ តាមរយៈគម្រោងទាំងនេះ ប្រាសាទដែលមានសភាពទ្រុឌទ្រោម ក្បាច់ចម្លាក់ និងរចនាសម្ព័ន្ធជាច្រើនត្រូវបាន ជួសជុលស្តារឡើងវិញជាបន្តបន្ទាប់។
បន្ថែមពីលើគម្រោងអភិរក្ស និងជួសជុលប្រាសាទ មានស្ថាប័នចំនួន៣៤ មកពីប្រទេសចំនួន១១ រួមមាន អូស្ត្រាលី បារាំង ហុងគ្រី អាមេរិក ជប៉ុន ថៃ អង់គ្លេស ចិន សិង្ហបុរី និងអ៊ីតាលី បានផ្តោតលើការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស។ គម្រោងទាំងចំនួន៤៤នេះ បានផ្តោតយ៉ាងសំខាន់លើកិច្ចការស្រាវជ្រាវ ក្នុងឧទ្យានអង្គរ និងបណ្តុះបណ្តាលអ្នកជំនាញនៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាច្រើន រូបទៀតផង។
ក្រៅពីគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ក៏នៅមានស្ថាប័នចំនួន១០ទៀត បានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សហគមន៍ ក្នុងឧទ្យានអង្គរ និងភូមិធម្មជាតិរុនតាឯក ដូចជាការអភិវឌ្ឍទេសចរណ៍សហគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាតនិងអនាម័យ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បរិស្ថាន និងការអប់រំជាដើម។ ស្ថាប័នដែលអនុវត្តគម្រោងខាងលើនេះមានប្រទេសញ៉ូវហ្សេឡែន បារាំង ជប៉ុន អាមេរិក ចិន និងសាធារណរដ្ឋកូរ៉េ។
ស្ថាប័នអន្តរជាតិទាំងអស់ ដែលបានអនុវត្តគម្រោងរបស់ខ្លួន នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសគឺ គម្រោងអភិរក្សជួសជុល និងការសិក្សាស្រាវជ្រាវ គឺសុទ្ធតែត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុម័តពីគណៈកម្មាធិការអន្តរជាតិ ICC-Angkor។ គ្រប់គម្រោងដែលអនុវត្ត ក្នុងរមណីយដ្ឋានអង្គរ តែងមានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ចូលរួមអនុវត្ត។
តាមរយៈការចូលរួមនេះ មន្ត្រីជំនាញជាច្រើនបានពង្រឹងសមត្ថភាពរបស់ខ្លួន ហើយអាចកាន់គម្រោងជាច្រើន បានដោយខ្លួនឯង នាពេលបច្ចុប្បន្នដែលនេះ គឺជាទិសដៅដ៏សំខាន់សមនឹងពាក្យស្លោក ដែលគេតែងលើកឡើងថា មរតកខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។ ជាក់ស្តែង បច្ចុប្បន្ន មានគម្រោងអភិរក្សជួសជុល ជាច្រើន ដែលកំពុងអនុវត្តដោយមន្ត្រីជំនាញខ្មែរសុទ្ធសាធ៕