Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ​ ឌូតឺតេ​ នឹងមកដល់កម្ពុជា​នៅម៉ោង៥៖៥០នាទី​ល្ងាចថ្ងៃនេះ, ​Fresh News TV​ នឹងផ្សាយផ្ទាល់​ពីអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

13-12-2016 17:04

(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរដោយ​កីឡាករ​ប្រដាល់​ពិភពលោកដ៏​ល្បាញល្បីលោក ម៉ែននីប៉ាគីវអាវផងនោះ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៥៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

Fresh News TV នឹងផ្សាយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អំពីការមកដល់របស់ប្រធានាធិបតីហ្វីលីពីន។

បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងសម្រាកមួយយប់នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។

នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី។ លុះពេលរសៀលលោកប្រធានាធិបតី នឹងចូលជួប​សំណេះសំណាល​ការងារជាមួយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមាន​សន្តិភាព។

លោកប្រធានាធិបតីហ្វីលីពិន នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ៕